សហរដ្ឋអាមេរិក៖ បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំងរយៈពេល ១៩ ថ្ងៃបានបញ្ចប់ ម្ចាស់ផ្ទះកីឡាអូឡាំពិកថ្មីគឺបានទៅលើប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិក។
នេះបើយោងតាមការចុះផ្សាយរបស់ NBC New York កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ នឹងធ្វើឡើងនៅប្រទេសអ៊ីតាលីក្នុងទីក្រុង Milan និង Cortina d’Ampezzo ហើយកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ វិញនឹងធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងទីក្រុង Los Angeles ដោយរដ្ឋាភិបាលអាមេរិគ្រោងចំណាយ ៧ ពាន់លានដុល្លារសម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២៨ ខាងមុខនេះ។
ទោះជាយ៉ាងណាការចំណាយនេះគឺទាបជាងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ របស់ទីក្រុងប៉ារីស ដោយរដ្ឋាភិបាលបារាំងបានចំណាយរហូតដល់ ១០ ពាន់លានដុល្លារឯណោះ។ ទោះបីជាយ៉ាងនេះក្តីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសហាក់មានការរិះគន់ពីអត្តពលិកជាច្រើនជុំវិញពិភពលោក ចំពោះការមិនយកចិត្តទុកដាក់ និងការខ្វះអនាម័យ។ ដូច្នេះគណៈកម្មាធិការរៀបចំរបស់អ៊ីតាលី និងអាមេរិកសន្យាថា នៅពេលខ្លួនក្លាយជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០២៦ និង ២០២៨ នឹងរៀបចំកម្មវិធីនេះឱ្យល្អបំផុត។
មូលហេតុដែលអាមេរិកមិនចំណាយប្រាក់ច្រើនទៅលើព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៨ គឺដោយសារគណៈកម្មាធិការចង់សន្សំសំចៃ និងមិនវិនិយោគលើបរិក្ខារថ្មីនោះទេ ប៉ុន្តែផ្តោតលើការយកចិត្តទុកដាក់ទៅលើអត្តពលិក និងអនាម័យវិញ។ គួរបញ្ជាក់ដែរថា ទីក្រុង Los Angeles គឺមានបទពិសោធន៍ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកចំនួនបីដងហើយគឺនៅឆ្នាំ ១៩៣២, ១៩៨៤ និង ២០២៨ ខាងមុខនេះ។ កីឡាអូឡាំពិកគឺជាប្រភេទកីឡាអន្តរជាតិចម្រុះដែលត្រូវបានបែងចែកជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ 
ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង ប៉ុន្តែក្រោយមកវាក៏ត្រូវផ្លាស់ប្តូរមកត្រឹម ២ ឆ្នាំម្តងវិញ។ កាលពីឆ្នាំ ២០២០ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនគឺជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិក ហើយនៅឆ្នាំ ២០២២ ទីក្រុងប៉េកាំងរបស់ប្រទេសចិនគឺជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។ កីឡាអូឡាំពិកត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦ មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ានៃប្រទេសក្រិច ហើយត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ ១៨៩៦ ដូច្នេះប្រទេសក្រិកគឺជាប្រភពកំណើតដើមរបស់កីឡាអូឡាំពិកនេះ៕










