ប្រទេសប៉ាគីស្ថាន ៖ នេះជាទូរដាក់ប្រាក់ ATM ដែលមានទីតាំងនៅចំណុចខ្ពស់បំផុតលើពិភពលោក និងខ្ពស់ជាងកម្រិតទឹកសមុទ្រ រហូតដល់៤.៦៩៣ម៉ែត្រ ។ រយៈពេលជាច្រើនឆ្នាំមកនេះ ទូរ ATM បានក្លាយជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាទំនើប ដែលបានប្រើប្រាស់ច្រើនបំផុតលើពិភពលោក ។ ប៉ុន្តែមនុស្សភាគច្រើនពុំធ្លាប់ឃើញទូរ ATM មានទីតាំងនៅតំបន់ព្រៃក្រាស់ ឬនៅលើភ្នំខ្ពស់គ្របដណ្តប់ដោយព្រិលបែបនេះទេ ។ 
បើលោកអ្នកធ្វើដំណើរឆ្លងកាត់តំបន់គុនចារ៉ាប់ ខេត្តគៀវគីប បាន់ឌីស្ថាន ស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន លោកអ្នកនឹងបានឃើញទូរ ATM មួយកន្លែងអាចប្រើប្រាស់បាន ហើយវាស្ថិតនៅទីតាំងខ្ពស់បំផុតលើពិភពលោកផងដែរ ។
ទូរ ATM នេះត្រូវបានដំឡើងនៅឆ្នាំ២០១៦ ដែលអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់ទីនេះអាចដកជាប្រាក់សុទ្ធ ។ វាដំណើរការដោយកម្លាំងថាមពលព្រះអាទិត្យ និងកម្លាំងខ្យល់ ហើយវាជាកម្មសិទ្ធិរបស់ធនាគារជាតិប៉ាគីស្ថាន (National Bank of Pakistan-NBP) ។ អ្នកដំណើរឆ្លងកាត់ទីនេះភ្ញាក់ផ្អើលយ៉ាងខ្លាំង និងពុំនឹកស្មានថា នៅលើភ្នំទឹកកកដ៏ខ្ពស់បែបនេះ បែរជាមានទូរ ATM ដូចក្នុងទីក្រុងដែរ ។
ការដំឡើងទូរ ATM នៅទីតាំងខ្ពស់បំផុតលើពិភពលោក គឺមានការទទួលស្គាល់ពី Guinness World Records ។ ធនាគារប៉ាគីស្ថានបានចំណាយពេលរហូតដល់៤ខែ ទើបអាចដំឡើងទូរ ATM នៅទីនេះរួចរាល់ ហើយធនាគារត្រូវថែទាំ និងដាក់ប្រាក់ក្នុងទូរនេះជាប្រចាំ ។ វាជាការព្យាយាមមួយយ៉ាងខ្លាំង ដោយសារសាខាធនាគារ NBP នៅជិតបំផុតនៅឆ្ងាយពីនេះចំនួន៨២គីឡូម៉ែត្រ ។
នាយកគ្រប់គ្រងសាខាធនាគារ NBP នៅក្បែរនេះ បានបើករថយន្តទៅកាន់ទីតាំងទូរ ATM ស្ថិតនៅទីតាំងដ៏ខ្ពស់បំផុតជាញឹកញាប់ ដោយធ្វើដំណើរឆ្លងកាត់ខ្យល់បក់ខ្លាំង, ខ្យល់ព្យុះ និងធ្វើដំណើរឡើងភ្នំដ៏គ្រោះថ្នាក់ ដើម្បីទៅត្រួតពិនិត្យថា តើទូរនេះអាចប្រើប្រាស់បានឬអត់? ។ វាជាការផ្តល់ភាពងាយស្រួលដល់ពលរដ្ឋរស់នៅក្បែរនេះ ពុំចាំបាច់លំបាកទៅដកប្រាក់នៅទូរផ្សេង ។
តាមធម្មតា ទូរ ATM នេះគ្មានមនុស្សប្រើប្រាស់ច្រើនទេ ហើយភាគច្រើនសម្រាប់ឱ្យអាជ្ញាធរការពារព្រំដែនមកដកប្រាក់ខែរបស់ពួកគេ ។ ក្រៅពីនេះ ក៏មានពលរដ្ឋរស់នៅក្បែរនេះ និងអ្នកឆ្លងដែនបានមកដកប្រាក់នៅទីនេះដែរ ។ នៅរៀងរាល់២សប្តាហ៍ មានអ្នកមកដកប្រាក់នៅទូរនេះ ចាប់ពី៤លាន ទៅ៥លានរ៉ូពី ។
អ្នកនាំពាក្យរបស់ធនាគារជាតិប៉ាគីស្ថាននិយាយថា យើងត្រូវចំណាយពេលចាប់ពី២ម៉ោង ទៅ២ម៉ោងកន្លះ ដើម្បីធ្វើដំណើរទៅដល់ទីតាំងទូរ ATM ដ៏ខ្ពស់បំផុតលើពិភពលោក ពេលត្រូវការជួសជុលទូរជាបន្ទាន់ ។ បើទោះជាមានការដកប្រាក់តិចតួច ប៉ុន្តែខាងធនាគារបានផ្តល់ភាពសំខាន់លើទូរដកប្រាក់នេះ ដោយសារមានអ្នកចេញ-ចូលដកប្រាក់នៅទីនេះជាហូរហែ ។
អ្នកនាំពាក្យធនាគារជាតិប៉ាគីស្ថានបន្តថា ពួកគេពុំអាចដកប្រាក់នៅទូរនេះច្រើនទេ ។ ការរស់នៅតំបន់នេះជួបការលំបាក ពីព្រោះគ្មានភ្នាក់ងារកណ្តាលណាមួយទទួលផ្ទេរប្រាក់ទៅឱ្យមនុស្សជាទីស្រឡាញ់ ឬគ្រួសាររបស់ពលរដ្ឋរស់នៅទីនេះឡើយ ៕










