ប្រទេសជប៉ុន៖ គិតត្រឹមខែឧសភា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ចំនួនកុមារបរទេសដែលបានអាហាររូបករណ៍ទៅរៀននៅប្រទេសជប៉ុនក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យគឺបានកើនឡើងខ្លាំងមិនធ្លាប់មាន។
នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងអប់រំជប៉ុន ដែលធ្វើឡើងជាមួយក្រុមប្រឹក្សាអប់រំនៃទីក្រុងចំនួន ១,៧៤១ នៅទូទាំងប្រទេសបានឱ្យដឹងថា កុមារបរទេសដែលមានសិទ្ធិចូលរៀនថ្នាក់បឋមសិក្សា និងមធ្យមសិក្សាគឺបានកើនឡើងចំនួន ៤១៨ នាក់បើធៀបនឹងឆ្នាំមុន។ 
ដូច្នេះសរុបមកសិស្សបរទេសដែលបានចុះឈ្មោះសុំអាហាររូបករណ៍ទៅរៀននៅជប៉ុនគឺមានចំនួន ១៥០,៦៩៥ នាក់ កើនឡើង ១៣,៧៧២ បើធៀបនឹងឆ្នាំមុន ដែលក្នុងនោះមានកុមារបឋមសិក្សាមានចំនួន ១០៦,៥៤០ នាក់ ហើយកុមារមធ្យមសិក្សា និងវិទ្យាល័យគឺមានចំនួន ៤៤,១៥៥ នាក់ ។ ដោយសិស្សបរទេសចំនួន ៥៧,៧១៨ នាក់នៅក្នុងសាលាបឋមសិក្សា មធ្យម និងវិទ្យាល័យ ដែលត្រូវការការបង្រៀនភាសាជប៉ុនពិសេសបានកើនឡើង ២១.២% ខ្ពស់ជាងការស្ទង់មតិមុនក្នុងឆ្នាំ ២០២១ ទៅទៀត។ 
ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះកុមារបរទេស ៩៧០ នាក់គឺមិនជាប់អាហាររូបករណ៍នោះទេ ខណៈដែល ៧,១៩៩ នាក់ទៀតមិនអាចទាក់ទងបាន និង ៤៣២ នាក់មិនត្រូវបានស្ទង់មតិដោយក្រុមប្រឹក្សាអប់រំ។ យោងតាមរបាយការណ៍របស់ក្រសួងអប់រំបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលសិស្សបរទេសមិនបានចូលរៀន។ កាលពីឆ្នាំ ២០១៩ គឺមានកុមារបរទេសប្រហែល ២០,០០០ នាក់ក៏មិនបានចូលរៀនដែរ។ 
ទោះបីជាយ៉ាងនេះក្តី ក្រសួងអប់រំរបស់ប្រទេសជប៉ុនបានបង្ហាញថា នៅឆ្នាំនេះកំណើនកុមារបរទេសដែលបានអាហាររូបករណ៍គឺគួរឱ្យកត់សម្គាល់ មានន័យថាកើនឡើងខ្លាំង ខណៈកាលពីកន្លងទៅសិស្សបរទេសមិនសូវទទួលបានអាហាររូបករណ៍មករៀននៅប្រទេសជប៉ុនឡើយ។ ការកើនឡើងចុងក្រោយនេះ អាចបណ្តាលមកពីការកើនឡើងនៃចំនួនកុមារបរទេសសរុបនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុន៕










