បច្ចុប្បន្ននៅក្រុងភ្នំពេញ មានស្ពានអាកាសចំនួន៨ ដែលកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ ខណៈនៅមានគម្រោងស្ពាន៣-៤ ត្រូវបានរដ្ឋាភិបាលកំពុងសិក្សាបន្ថែម។
ស្ពានអាកាសមរតកតេជោ ឬស្ពានអាកាសព្រះមុនីវង្ស សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងចំណាយថវិការប្រមាណ ៣៦,៧៧៥,០០០ដុល្លារ។
ស្ពានអាកាសឬស្សីកែវ សាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងចាប់ផ្ដើមសាងសង់នៅថ្ងៃទី៣១ មករា ឆ្នាំ២០២២។
ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សាងសង់ដោយក្រុមហ៊ុន OCIC ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ដោយប្រើប្រាស់ថវិការអស់ប្រមាណ ២២ លានដុល្លារ។
ស្ពានអាកាសមិត្តភាពកម្ពុជា ចិនសែន សុខ (ស្ពានអាកាសស្តុបផ្សារដីហុយ) ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់នៅខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨ ដោយចំណាយថវិការប្រមាណប្រមាណ១៧ លានដុល្លារ ។
ស្ពានអាកាស៥មករា ឬ ស្ពានអាកាសតិចណូ សាងសង់ដោយក្រុមហ៊ុន OCIC ដោយសាងសង់ឡើងនៅថ្ងៃទី ទី០៩ ខែកញ្ញា ឆ្នាំ២០១៤ បញ្ចប់ ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ដោយចំណាយថវិកាអស់ប្រមាណ១៤.៥០២.៤៧៦ ដុល្លារ។
ស្ពានអាកាសស្ទឹងមានជ័យ សាងសង់ដោយក្រុមហ៊ុន OCIC និងសាងសង់ឡើងនៅថ្ងៃទី ទី២៦ ខែវិច្ចិកា ឆ្នាំ២០១២ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ដោយចំណាយថវិការអស់ ១៨.៩៧៦.៦៧៨ ដុល្លារ។
ស្ពានអាកាស៧មករា ឬ ស្ពានស្តុបពេទ្យលោកសង្ឃ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន OCIC សាងសង់ឡើងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ និងដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ដោយចំណាយថវិការអស់ ៨,៧០៥,៨០៨ដុល្លារ។
ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០០៩ និងសម្ភោធឱ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១០ ដោយចំណាយថវិកាអស់ ៦.៤៤០.២១៦ដុល្លារ៕