អាស៊ីអាគ្នេយ៍ ឬតំបន់អាស៊ានមានប្រទេសទាំងអស់ចំនួន ១១ ដែលប្រទេសនីមួយៗសុទ្ធតែមានឡាន ម៉ូតូគ្រប់ម៉ូត ដោយយានយន្តទាំងនេះគឺជាមធ្យោបាយធ្វើដំណើរទៅកាន់កន្លែងជាច្រើនយ៉ាងងាយស្រួលបំផុត និងជាមធ្យោបាយដឹកជញ្ជូនដ៏ល្អបំផុត។ ទោះជាយ៉ាងណាក្នុងចំណោមប្រទេសទាំង ១១ មានប្រទេសអាស៊ីអាគ្នេយ៍តែ ៥ ប៉ុណ្ណោះដែលមានប្រជាជននិយមជិះម៉ូតូច្រើនជាងគេ ពោលគឺមានម៉ូតូច្រើនជាងឡាន ដោយសារតម្លៃម៉ូតូសមរម្យ ងាយស្រួលធ្វើដំណើរតាមដងផ្លូវដែលមានការកកស្ទះ។ ដូច្នេះប្រទេសទាំង ៥ ដែលមានប្រជាជនជិះម៉ូតូច្រើនជាងគេរួមមាន៖
១.ប្រទេសថៃ៖ យោងតាមគេហទំព័រ Seasia ថៃគឺជាប្រទេសដែលមានម៉ូតូច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ហើយក៏ច្រើនជាងគេបង្អស់នៅលើពិភពលោកផងដែរ។ ដោយបច្ចុប្បន្នប្រទេសនេះមានប្រជាជនជិះម៉ូតូចំនួន ៨៧% ហើយម៉ូតូដែលចុះបញ្ជីមានរហូតដល់ ២០ លានគ្រឿង និងម៉ូតូដែលមិនទាន់បានចុះបញ្ជីមានរាប់លានគ្រឿងទៀត។
២.ប្រទេសវៀតណាម៖ វៀតណាមក៏ជាប្រទេសដែលមានប្រជាជននិយមជិះម៉ូតូច្រើនជាងគេទីពីរនៅលើពិភពលោកផងដែរ។ ប្រទេសនេះមានម៉ូតូប្រហែល ៤៥ លានគ្រឿង ប្រមាណ ៨៦% នៃប្រជាជនសុទ្ធតែមានម៉ូតូជិះ។ យោងតាមរបាយការណ៍ បច្ចុប្បន្នការលក់ម៉ូតូនៅតែបន្តកើនឡើងឥតឈប់ឈរ ដោយផ្លូវភាគច្រើនក្នុងទីក្រុងហាណូយត្រូវបានកាន់កាប់ដោយម៉ូតូប្រហែល ៥ លានគ្រឿង។
៣.ប្រទេសឥណ្ឌូនេស៊ី៖ ជារៀងរាល់ថ្ងៃប្រទេសឥណ្ឌូនេស៊ីមានម៉ូតូប្រហែល ១៥ លានគ្រឿងធ្វើដំណើរឆ្លងកាត់ទីក្រុង ខណៈរថយន្តក្នុងប្រទេសនេះមានត្រឹមតែ ៥ លានគ្រឿងប៉ុណ្ណោះ។ ដោយជាទូទៅឥណ្ឌូណេស៊ី គឺជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ម៉ូតូ នេះបើយោងតាមការស្ទង់មតិរបស់ AISI បច្ចុប្បន្នឥណ្ឌូណេស៊ីមានម៉ូតូប្រហែល ៨០ លានគ្រឿងនៅក្នុងប្រទេស ហើយប្រជាជនដែលនិយមជិះម៉ូតូមានរហូតដល់ ៨៥%។
៤.ប្រទេសម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីក៏មិនធម្មតាដែរ ដោយប្រទេសនេះមានម៉ូតូសរុបជាង ១៣ លានគ្រឿងស្មើនឹងចំនួនរថយន្ត។ ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតក្នុងប្រទេសម៉ាឡេស៊ី ដោយមានប្រជាជនប្រមាណ ៨៣% សុទ្ធតែនិយមជិះម៉ូតូ។
៥.ប្រទេសហ្វីលីពីន៖ ចំណែកប្រទេសហ្វីលីពីនវិញគឺជាប់ចំណាត់ថ្នាក់លេខ ៥ នៅអាស៊ីអាគ្នេយ៍ និងលេខ ១០ នៅលើពិភពលោក ដែលមានប្រជាជនជិះម៉ូតូច្រើនជាងគេប្រមាណ ៣២%។ រីឯប្រទេសផ្សេងទៀតដូចជាកម្ពុជា សិង្ហបុរី មីយ៉ាន់ម៉ា ឡាវ ទីម័រ និងប្រ៊ុយណេ គឺមិនមានចំណាត់ថ្នាក់នោះទេ ដោយសារប្រទេសទាំង ៦ នេះមិនសូវមានប្រជាជននិយមជិះម៉ូតូឡើយ។ នេះបើតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលកាលពីឆ្នាំ ២០២២ កម្ពុជាមានរថយន្តត្រឹមតែ ៩២០.០០០ គ្រឿង និងម៉ូតូ ៥.២ លានគ្រឿងប៉ុណ្ណោះ៕










