ប្រទេសអ៊ីរ៉ង់ ៖ យើងសង្កេតឃើញថា បច្ចុប្បន្ន នៅបណ្តាប្រទេសនានាបានអនុញ្ញាតឱ្យស្ត្រីមានសិទ្ធិធ្វើការដូចបុរសដែរ ហើយមានក្រុមហ៊ុនខ្លះលើកទឹកចិត្តស្ត្រីឱ្យក្លាយជានាយិកាដឹកនាំក្រុមហ៊ុនទៀតផង ។ បើស្ត្រីមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ ពួកនាងអាចដាក់ពាក្យចូលធ្វើការតាមក្រុមហ៊ុនឯកជន និងទទួលបានប្រាក់ខែស្មើបុរស ។ ប៉ុន្តែស្ត្រីនៅប្រទេសអ៊ីរ៉ង់ខុសប្លែកពីនេះ គឺពួកនាងអាចធ្វើការនៅកន្លែងណាមួយបាន លុះត្រាតែមានលិខិតអនុញ្ញាតពីស្វាមីជាមុន ។
អ្នកស្រី ណេដា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មប្រេង និងឧស្ម័ននៅប្រទេសអ៊ីរ៉ង់ និយាយថា ៖ «ពេលខ្ញុំមកសម្ភាសន៍ធ្វើការ គេទាមទារឯកសារអនុញ្ញាតធ្វើការដោយមានស្វាមីខ្ញុំចុះហត្ថលេខា ដើម្បីបញ្ជាក់ថា ស្វាមីបានអនុញ្ញាតឱ្យខ្ញុំធ្វើការ» ។ អ្នកស្រីមានអារម្មណ៍ខ្មាស់អៀនណាស់ ហើយប្រាប់ពួកគេថា ខ្ញុំជាមនុស្សធំ ហើយអាចសម្រេចចិត្តដោយខ្លួនឯង ។ 
អ្នកស្រី ណេដា មិនមែនជាមនុស្សតែម្នាក់ទេ ដែលជួបហេតុការណ៍បែបនេះ ពីព្រោះបើតាមច្បាប់របស់ប្រទេសអ៊ីរ៉ង់ចែងថា ស្ត្រីដែលរៀបការរួចត្រូវតែទទួលការអនុញ្ញាតពីស្វាមីជាមុនសិន មុនពេលពួកនាងចូលធ្វើការ ។ នេះគ្រាន់តែជាឧបសគ្គមួយប៉ុណ្ណោះក្នុងចំណោមឧបសគ្គផ្នែកច្បាប់ជាច្រើន ដែលស្ត្រីអ៊ីរ៉ង់គ្រប់រូបត្រូវប្រឈមក្នុងការងារ ។
យោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់ធនាគារពិភពលោក បានចាត់ចំណាត់ថ្នាក់ថា អ៊ីរ៉ង់ជាប្រទេសមួយក្នុងចំណោមប្រទេសអាក្រក់បំផុត ដោយសារមានរបាំងផ្លូវច្បាប់ទាក់ទងនឹងយេនឌ័រនៅកន្លែងការងារ ។ រីឯប្រទេសមានចំណាត់ថ្នាក់ទាបជាងអ៊ីរ៉ង់ រួមមាន ៖ ប្រទេសយេម៉ែន និងតំបន់ហ្គាសា របស់ប្រទេសប៉ាឡេស្ទីន ។
ដូចគ្នានេះ របាយការណ៍ «Global Gender Gap ប្រចាំឆ្នាំ២០២៤» របស់ World Economic Forum បញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មានអត្រាការចូលធ្វើការរបស់ស្ត្រីទាបបំផុត ក្នុងចំណោមប្រទេសចំនួន១៤៦ ដែលបានស្ទង់មតិ ។ បើទោះជាមានស្ត្រីជាង៥០% ក្នុងចំណោមស្ត្រីចូលរួមការស្ទង់មតិ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្តី ប៉ុន្តែពួកនាងបានចូលធ្វើការត្រឹមតែ១២% ប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ ។
ចំណែកបុរសអ៊ីរ៉ង់និយាយថា ពួកគេមានសិទ្ធិស្របច្បាប់ដើម្បីហាមឃាត់ភរិយាចេញទៅធ្វើការ ហើយមានបុរសជាច្រើននាក់បានប្រើប្រាស់សិទ្ធិនេះ ។ ក្រៅពីនេះ ច្បាប់របស់អ៊ីរ៉ង់បានធ្វើឱ្យក្រុមហ៊ុនជាច្រើនបដិសេធនារីពុំទាន់រៀបការចូលធ្វើការ ដោយសារក្រុមហ៊ុនបារម្ភថា ពេលពួកនាងរៀបការរួច ស្វាមីនឹងហាមឃាត់ភរិយាមិនឱ្យធ្វើការ ។ លើសពីនេះ បើទោះជាពួកនាងបានចូលធ្វើការក្តី ប៉ុន្តែនៅតែទទួលការរើសអើងនៅកន្លែងធ្វើការដដែល ។

តាមមាត្រា១១០៥ របស់ច្បាប់អ៊ីរ៉ង់បានកំណត់ឱ្យស្វាមីធ្វើជាមេគ្រួសារ និងជាអ្នករកប្រាក់ចំណូលសំខាន់ មានន័យថា បុរសមានតួនាទីសំខាន់ក្នុងការងារច្រើនជាងស្ត្រី ។ រីឯស្ត្រីតែងតែទទួលបានប្រាក់ខែទាបជាងបុរសជានិច្ច ។
សេដ្ឋកិច្ចអ៊ីរ៉ង់បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគ្រប់គ្រងប្រទេសមិនល្អរបស់មេដឹកនាំអ៊ីរ៉ង់ ។ របាយការណ៍របស់ IMF បញ្ជាក់ថា ការរីកចម្រើនសេដ្ឋកិច្ច គឺពាក់ព័ន្ធនឹងការចូលរួមចំណែករបស់ស្ត្រី ។ ប៉ុន្តែបើចំនួនការជួលបុគ្គលិកស្រីធ្វើការស្មើនឹងបុរស វានឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីរ៉ង់ កើនឡើងដល់៤០% ៕










