តាមចាស់ៗបុរាណជឿថា បើសុបិនឃើញសត្វទាំងនេះបង្ហាញថា លាភធំកំពុងតែមករកយើងនាពេលឆាប់ៗ ឬនឹងសម្រេចតាមបំណងប្រាថ្នា ឬបានឡើងតួនាទីការងារផងដែរ ។ សារព័ត៌មាន KBN បានដកស្រង់ការសុបិនឃើញសត្វចំនួន៩ប្រភេទ ដែលនាំមកនូវលាភសំណាងធំដល់លោកអ្នក ដូចខាងក្រោមនេះ ។
១-សេះពណ៌ស ឬខ្មៅ ៖ បើតាមក្បួនបុរាណប្រាប់ថា បើយើងសុបិនឃើញសត្វសេះពណ៌ស ឬខ្មៅ (មិនថាមនុស្សប្រុស ឬមនុស្សស្រីសុបិន) មានន័យថា យើងនឹងទទួលបានលាភ និងទទួលជោគជ័យក្នុងការងារ ឬមានឱកាសបានឡើងតួនាទីការងារឆាប់ៗ ។
២-ដំរី ៖ គេចាត់ទុកថា ដំរី គឺជាសត្វមង្គល ហើយបើអ្នកណាម្នាក់សុបិនឃើញដំរី គឺនឹងទទួលបានលាភធំពីអ្នកមានឋានៈខ្ពស់ជាង ដូចជា ៖ ទទួលបានអចលនទ្រព្យ, ផ្ទះ, រថយន្ត និងថវិកា ។
៣-មាន់ ៖ មាន់ គឺជាសត្វពូកែខាងរកចំណី និងភ្ញាក់ពីព្រលឹម ។ ហេតុនេះ បើសុបិនឃើញមាន់ គឺយើងនឹងទទួលបានប្រាក់ចំណេញពីការរកស៊ីលក់ដូរ ព្រមទាំងមានអ្នកណាម្នាក់នាំលាភសំណាងមកឱ្យ ។ បើយើងកំពុងតែប្រាថ្នាកិច្ចការអ្វីមួយ យើងនឹងសម្រេចដូចបំណង ខណៈការងារនោះធ្លាប់ធ្វើបរាជ័យ វានឹងត្រឡប់មកជោគជ័យ។
៤-ក្តាម ៖ បើសុបិនឃើញក្តាម គឺយើងនឹងទទួលបានលាភ ហើយបើយើងរកស៊ីលក់ដូរនឹងទទួលបានប្រាក់ចំណេញច្រើន ។ ហេតុនេះ យើងនឹងអាចសន្សំប្រាក់យ៉ាងច្រើនទុក ខណៈកន្លងមក យើងគ្មានប្រាក់សន្សំទេ ។
៥-ខ្លា ៖ តាមក្បួនបុរាណប្រាប់ថា បើសុបិនឃើញសត្វខ្លា មានន័យថា យើងនឹងទទួលបានប្រាក់ពីមនុស្សភេទផ្ទុយគ្នា ព្រមទាំងមានឱកាសឡើងតួនាទីការងារយ៉ាងឆាប់រហ័សទៀតផង ។
៦-ត្រី ៖ ការសុបិនឃើញត្រី មានន័យថា យើងនឹងទទួលបានលាភធំ ព្រមទាំងឡើងតួនាទីការងារនាពេលឆាប់ៗ ។
៧-កង្កែប ៖ ការសុបិនឃើញកង្កែប មានន័យថា យើងនឹងឡើងតួនាទីយ៉ាងឆាប់រហ័ស ឬទទួលបានលាភ ឬទទួលបានប្រាក់ចំណេញពីការរកស៊ីលក់ដូរ ។
៨-បង្កង ៖ ក្បួនចាស់បុរាណប្រាប់ថា បើសុបិនឃើញបង្កង លាភធំនឹងមករកយើងទាំងដែលយើងពុំទាន់បានត្រៀមខ្លួនជាមុន ។ លើសពីនេះ បើសុបិនឃើញបង្កងច្រើនក្បាល មានន័យថា យើងនឹងទទួលបានលាភយ៉ាងច្រើនមហាសាល ។
៩-ងាវ និងខ្យង ៖ បើសុបិនឃើញសត្វមានសំបក ដូចជា ៖ ងាវ និងខ្យង មានន័យថា គឺជាភាពសម្បូរបែប ។ យើងនឹងមានឱកាសទទួលបានលាភពីអ្នកមានឋានៈខ្ពង់ខ្ពស់ ។ បើបុរសសុបិនឃើញសត្វមានសំបក មានន័យថា នឹងបានទទួលលាភសំណាងពីមនុស្សស្រី ៕
		
	









