រូបភាពមួយសន្លឹកពីបណ្តាញសង្គម ហាក់អង្រួនបេះដូងមហាជនគ្រប់ៗរូប ព្រោះតែសម្រស់ស្រ្តីខ្មែរ វ័យចំណាស់ចំនួន ២ រូប  ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណ ដែលឆ្លុះបញ្ចាំងអំពីអរិយធម៌ខ្មែរដែលមិនចេះសាបសូន្យ។
រូបភាពចែកចាយដោយគេហទំព័រ Summer Tour & Travel បានបង្ហាញវត្តមានស្រ្តីវ័យជ្រេចំនួន ២ រូប ស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺពួកគាត់ទាំងពីរនាក់បាននឹងកំពុងស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ពោលគឺស្លៀកសំពត់បត់ អាវសរ ហ៊ុព័ទ្ធដោយពានាស្បៃពណ៌សរ ហើយអង្គុយនៅក្នុងឥរិយាបទយ៉ាងសមសួនជានារីខ្មែរ។ 
ជាការពិតណាស់ ស្បៃអាចចាត់ទុកថាជាសម្លៀកបំពាក់ប្រពៃណីខ្មែរតាំងបុរាណកាលមកម្លេះ ដែលជាធម្មតា ស្បៃត្រូវបានស្ត្រីខ្មែរយកទៅពាក់សម្រាប់ជាការបិទបាំងដើមទ្រូងប្រៀបដូចទៅនឹងអាវកាលពីសម័យនេះដែរ។ ស្បៃគឺជាឈុតគូរជាមួយនឹងសំពត់ច្បងក្បិនឬក៏សំពត់ចំបាប់។ ចំពោះរបៀបនៃការពាក់ស្បៃវិញ គឺគេនឹងយកទៅដណ្តប់លើខ្លួន ព័ទ្ធឆៀងទៅស្មាផ្នែកខាងឆ្វេង និងទម្លាក់ចុងស្បៃចុះទៅខាងក្រោយខ្នង។ 
ស្បៃ ត្រូវបានស្ត្រីខ្មែរបុរាណយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយរាប់ចាប់ពីឋានៈរាស្រ្តសាមញ្ញ រហូតដល់ឋានៈព្រះមហាក្សត្រ។ ស្បៃត្រូវបានគេឲ្យដឹងថាទំនងជាមានប្រភពមកពីប្រទេសឥណ្ឌា ព្រោះវាមានលក្ខណៈស្រដៀងទៅនឹង«សារី»របស់ឥណ្ឌា ក៏ដូចជាទាក់ទងទៅនឹងរឿងព្រេងទេវកថា គឺព្រថោងនិងនាងនាគ កាលពីសតវត្សពី១ សម័យអាណាចក្រហ្វូណន។ យ៉ាងណាមិញ ចម្លាក់ស្រ្តីខ្មែរគ្រងឈុតស្បៃត្រូវបានគេប្រទះឃើញនៅលើជញ្ជាំងប្រាសាទបាយ័ន្ត និងត្រូវបានគេសន្និដា្ឋនថា ស្បៃត្រូវបានគេប្រើប្រាស់យ៉ាងទូលាយតាំងពីសម័យអង្គរមកម្លេះ។ 
យ៉ាងណាមិញ បច្ចុប្បន្ន ស្បៃត្រូវបានគេយកមកប្រើតែនៅក្នុងកិច្ចពិធីសំខាន់ៗប៉ុណ្ណោះ ដូចជាពិធីមង្គលការជាដើម និងកម្រត្រូវបានប្រជាជនខ្មែរយកប្រើក្នុងជីវភាពរស់នៅប្រចាំថ្ងៃណាស់។ ទោះជាយ៉ាងណា បើក្រឡេកទៅកាន់រូបភាពមួយសន្លឹកនោះវិញ គឺពិតជាបានអង្រួនបេះដូងមហាជនខ្មែរគ្រប់ៗរូប ព្រោះតែបានឃើញថា សព្វថ្ងៃនេះក៏នូវមានស្រ្តីខ្មែរបន្តយកស្បៃមកប្រើក្នុងការរស់នៅប្រចាំថ្ងៃផងដែរ៕
 
		 
	









