ប្រិយមិត្តអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញតារាស្រី មាលា កូនខ្មែរកាត់បារាំងដែលកំពុងឡើងកូដ ថតរូបយ៉ាងស្និទ្ធស្នាលជាមួយបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមទាំងផ្តល់ស្នាមថើបមាត់ឱ្យគ្នាទៀត។ ឃើញស្រីស្អាតប៉ះស្រីស្អាតនិងថើបគ្នាបែបនេះអ្នកគាំទ្រមើលអ្នកទាំងពីរសឹងតែភ្លេចដកដង្ហើម ខណៈអ្នកខ្លះក៏មានបំណងការចង់ឱ្យពួកគេសម្តែងរឿងប្រភេទ GL ផងដែរ។
ជឿជាក់ថាសម្រាប់អ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថា តារាម៉ូដែល មាលា ដែលមានម្តាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងកំពុងឡើងកូដយ៉ាងខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេសកម្ពុជា។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ មាលា បានក្តោបឱកាសទីផ្សារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងខ្សែភាពយន្តខ្នាតធំ ស្ប៉តពាណិជ្ជកម្ម សម្តែងក្នុង MV រួមទាំងការងារសិល្បៈជាច្រើនទៀត។ មិនត្រឹមតែមានទីផ្សារសិល្បៈប៉ុណ្ណោះទេ មាលា ក៏មានជំនួញផ្ទាល់ខ្លួនលក់ផលិតផលសម្រាប់មិត្តនារីៗទៀតផង។
អ្វីដែលកាន់តែចាប់អារម្មណ៍កន្លងមកនេះ មាលា បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នៅពេលថតរូបស៊ិចស៊ីជាមួយបវរកញ្ញា កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 ផ្ទុះពេញបណ្តាញសង្គម។ នាពេលថ្មីៗនេះទៀតសោត អ្នកគាំទ្រក៏បានឃើញ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមាលា បានថតរូបជាមួយគ្នាស្រស់ស្អាតទាំងទ្វេតែម្តង។
តាមរយៈវីដេអូខ្លីដែលបានចែករំលែកនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ ខែសីហា ស្រីស្អាត មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បានស្ថិតនៅក្នុងសំលៀកបំពាក់ពណ៌សទាំងទ្វេប្រៀបដូចជាកូនក្រមុំ។ អ្នកទាំងពីរបានបញ្ចេញសកម្មភាពស្និទ្ធស្នាលទៅតាម Concept របស់ពួកគេអបជាមួយនឹងផ្កាកូលាបពណ៌សថែមទៀតកាន់តែដូចជាគូស្នេហ៍ពិតៗ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមើលហើយញញឹមតែម្នាក់ឯងសឹងតែភ្លេចដកដង្ហើមនោះគឺគេបានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហក់ទៅថើបមាត់ មាលា តែម្តង។
ឃើញវីដេអូស្រីស្អាតប៉ះស្រីស្អាតប្រៀបដូចជាគូស្នេហ៍កំពុងប្រលោមស្នេហ៍គ្នានេះបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្តទៅជាមួយ។ អ្នកលេងបណ្តាញសង្គមបានបង្ហាញចំណាប់អារម្មណ៍ថា ស្វីតដល់ឋានព្រះច័ន្ទ ស្អាតគួរឱ្យស្រលាញ់ទាំងពីរ បើបានរឿង GL មួយទៀតមិនដឹងល្អមិចទេ សមជាមួយគ្នាណាស់។
គួរបញ្ជាក់ថា កន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់សម្តែងប្រភេទរឿងស្រីស្រលាញ់ស្រីរួចមកហើយក្នុងការផ្សព្វផ្សាយផលិតផលមួយ ប្រសិនបើមាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចាប់ដៃគូសម្តែងរឿង GL ជាមួយគ្នាពិតមែនប្រាកដជាផ្អើលអ្នកគាំទ្រមិនខាន៕










