ប្រទេសចិន៖ ទោះបីជាអឺរ៉ុប និងអាមេរិកដំឡើងពន្ធនាំចូល ១០០% ដើម្បីកាត់បន្ថយការនាំចូលរបស់ចិនក៏ដោយ ក៏ចិននៅតែជាប្រទេសនាំចេញរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោកដដែល។
យោងតាម CNN នៅឆមាសទីមួយនៃឆ្នាំ ២០២៤ នេះចិនបានវ៉ាដាច់ជប៉ុនក្លាយជាប្រទេសដែលនាំចេញរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោក ខណៈកាលពីមុនជប៉ុនគឺជាទីផ្សាររថយន្តដ៏ធំបំផុតក្នុងលោក ដែលនាំចេញរថយន្តច្រើនជាងគេ។ ទោះជាយ៉ាងណាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសជប៉ុនគឺបានធ្លាក់ចុះ ០.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅតិចជាង ២.០២ លានគ្រឿង។ 
ខណៈក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិនវិញគឺបាននាំចេញរថយន្តជាង ២.៧៩ លានគ្រឿងក្នុងរយៈពេលដូចគ្នា កើនឡើងរហូតដល់ ៣១% ឯណោះ។ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន ការនាំចេញរួមមានរថយន្តដឹកអ្នកដំណើរប្រហែល ២.៣៤ លានគ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល ៤៥៤.០០០ គ្រឿង បើធៀបនឹងជប៉ុនមានរថយន្តនាំចេញត្រឹមតែ ១.៨៣ លានគ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល ១៨៧,០០០ គ្រឿងប៉ុណ្ណោះ។
ក្នុងចំណោមការនាំចេញយានយន្តរបស់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ នេះ រថយន្តសាំង និងម៉ាស៊ូតបានកើនឡើង ៣៦% ដល់ជិត ២.១៩ លានគ្រឿង ហើយការនាំចេញរថយន្តអគ្គិសនីក៏បានកើនឡើង ១៣ ភាគរយដល់ប្រមាណ ៦០៥ ០០០ គ្រឿងផងដែរ។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុននាំចេញរថយន្តកំពូលទាំង ៥ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺ Chery, SAIC, Changan, Geely និង BYD ។ ហេតុនេះការនាំចេញរថយន្តរបស់ក្រុមហ៊ុន Chery ឈានដល់ប្រហែល ៥៣២,០០០ ខណៈ SAIC មានប្រហែល ៤៣៩,០០០ គ្រឿង។ 
រីឯក្រុមហ៊ុន Changan វិញក៏បាននាំចេញរថយន្តប្រហែល ២៨៥,០០០ គ្រឿង Geely ២៤២,០០០ និង BYD ២០៧,០០០ គ្រឿង។ គួរបញ្ជាក់ដែរថាកាលពីឆ្នាំ ២០២៣ ចិនគឺជាម្ចាស់ជើងឯកពិភពលោកក្នុងការនាំចេញរថយន្តអគ្គិសនីច្រើនជាងគេ ហើយនៅឆមាសទីមួយនៃឆ្នាំ ២០២៤ នេះចិននៅតែបន្តវ៉ាដាច់ប្រទេសជប៉ុនក្នុងការនាំចេញរថយន្តអគ្គិសនីច្រើនជាងគេដដែល។ ដូច្នេះបច្ចុប្បន្នម៉ាកយីហោរបស់ចិនមានចំនួន ១១% នៃទីផ្សាររថយន្តអគ្គិសនីនៅអឺរ៉ុបក្នុងខែមិថុនា ទោះបីជាមានការដំឡើងពន្ធនាំចូល ១០០% ក៏ដោយ ក៏ចិននៅតែជាទីផ្សារនាំចេញរថយន្តអគ្គិសនីដ៏សំខាន់បំផុតនៅលើពិភពលោក៕










