ប្រទេសនូវែលសេឡង់ ៖ រឿងរ៉ាវដ៏ស្មុគស្មាញនេះបានកើតឡើងលើអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយឈ្មោះ Qantas Airline ដែលធ្វើដំណើរចាកចេញពីទីក្រុង Los Angeles សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Auckland ប្រទេសនូវែលសេឡង់ ។ ពេលចុះពីលើយន្តហោះ មន្ត្រីអន្តោប្រវេសន៍នូវែលសេឡង់បានតម្រូវឱ្យពួកគេបង់ប្រាក់ពិន័យដោយសារផ្លែប៉ោម១ផ្លែ ។
អ្នកដំណើរលើយន្តហោះទាំងអស់បានទទួលអាហារថ្ងៃត្រង់ ព្រមទាំងផ្លែប៉ោមផងដែរពីបុគ្គលិកអាកាសចរណ៍ ។ ប៉ុន្តែអ្នកដំណើរជាច្រើននាក់បរិភោគតែអាហារថ្ងៃត្រង់ប៉ុណ្ណោះ រួចហើយពួកគេក៏យកផ្លែប៉ោមដាក់ក្នុងកាបូបរៀងៗខ្លួន និងចុះពីលើយន្តហោះ ។
ប៉ុន្តែនៅពេលពួកគេដើរមកដល់កន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលប្រទេស មន្ត្រីអន្តោប្រវេសន៍នូវែលសេឡង់ ក៏តម្រូវឱ្យពួកគេបង់ប្រាក់ពិន័យក្នុងម្នាក់ចំនួន២០០ដុល្លារនូវែលសេឡង់ (ឬស្មើ១១៦ដុល្លារអាមេរិក) ដោយសារបានយកផ្លែប៉ោមចុះពីយន្តហោះចូលប្រទេសនូវែលសេឡង់ ។
មន្ត្រីអន្តោប្រវេសន៍និយាយថា នៅពេលអ្នកដំណើរបំពេញព័ត៌មានធ្វើដំណើរ គឺបានបញ្ជាក់ថា ពួកគេនឹងពុំយករបស់អ្វីមួយខុសច្បាប់ចូលប្រទេសនូវែលសេឡង់ទេ ប៉ុន្តែមន្ត្រីអន្តោប្រវេសន៍បានត្រួតពិនិត្យឃើញផ្លែប៉ោមក្នុងកាបូបអ្នកដំណើរ ។ ហេតុនេះ មន្ត្រីអន្តោប្រវេសន៍នឹងពិន័យពួកគេតាមច្បាប់របស់នូវែលសេឡង់ ជាពិសេស ការយកបន្លែ, ផ្លែឈើ និងគ្រឿងទេសចូលនូវែលសេឡង់ ។
អ្នកដំណើរជាច្រើននាក់មិនពេញចិត្តនឹងការបង់ប្រាក់ពិន័យនេះឡើយ ហើយអ្នកដំណើរខ្លះដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផង ពេលមន្ត្រីអន្តោប្រវេសន៍តម្រូវឱ្យបង់ប្រាក់ពិន័យករណីយកផ្លែប៉ោមចូលនូវែលសេឡង់ ខណៈពួកគេពុំបានទិញផ្លែប៉ោមនេះ ។ វាមិនមែនជាករណីតែមួយដែលតម្រូវឱ្យអ្នកដំណើរបង់ប្រាក់ពិន័យទេ ពីព្រោះកន្លងមក ក៏មានករណីដូចគ្នានេះដែរ ពាក់ព័ន្ធនឹងការយកផ្លែឈើចុះពីយន្តហោះ ។
ហេតុនេះ បើលោក-អ្នកមានគម្រោងធ្វើដំណើរទៅក្រៅប្រទេស គួរតែប្រុងប្រយ័ត្នករណីយកផ្លែឈើពីលើយន្តហោះដាក់ចូលកាបូប ពីព្រោះប្រទេសនីមួយៗមានច្បាប់ខុសៗគ្នាពាក់ព័ន្ធនឹងការយកចំណីអាហារចូលប្រទេសរបស់គេ ។ បើមិនដូច្នោះទេ លោក-អ្នកអាចត្រូវមន្ត្រីអន្តោប្រវេសន៍ឱ្យបង់ប្រាក់ពិន័យដូចអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas Airline ៕










