មាត់ស្ទឹងសង្កែ នៃខេត្តបាត់ដំបង គឺជាទីតាំងដ៏សុខក្សេមក្សាន្តនៃសត្វជ្រឹងរាប់ពាន់ក្បាលតែងតែមកប្រមូលផ្តុំគ្នា ហោះហើរពេញលើអាកាសក៏ដូចជាទំលើមែកឈើទីនោះ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាល ពិសេសបានក្លាយជាកន្លែងដ៏ពេញនិយម ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិជារៀងរាល់ថ្ងៃ។
យោងតាមវីដេអូដែលបានដាក់បង្ហោះដោយគេហទំព័រ«រដ្ឋបាលស្រុកបាណន់»គឺបានបង្ហាញទិដ្ឋភាពនៃទីតាំងមួយកន្លែងដែលពោរពេញទៅដោយសត្វជ្រឹងយ៉ាងច្រើនសន្ធឹងសន្ធាប់ ដែលតែងតែប្រមូលម្តុំគ្នានាមាត់ស្ទឹងសង្កែ ជាប់វត្តបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា សត្វជ្រឹងទាំងអស់នោះ មករស់នៅទីនេះ យូរណាស់មកហើយ បើតាមសំដី លោកហឿន សុផល ជាអ្នករស់នៅតំបន់នេះ បានលើកឡើងថា ប្រវត្តិហ្វូងសត្វជ្រឹងទាំងនេះគឺវាមករស់នៅតាំងពីអំឡុងឆ្នាំ១៩៩០ មកម្លេះ ដោយរស់នៅរាយបាយតាមវាលស្រែ។ ប៉ុន្តែដោយសារតែមានការដេញបាញ់ប្រហារ ទើបពួកវាក៏បានប្តូរទីតាំងមករស់នៅ ជាពិសេសគឺតាមដើមឈើក្នុងវត្តបាយដំរាំ និងបន្តមករស់នៅតាមដើមឈើខាងក្រៅក្បែររបងវត្តរហូតដល់សព្វថ្ងៃនេះ។
យោងតាមការគូសបញ្ជាក់ពីក្រសួងព័ត៌មាន សត្វជ្រឹងនៅកម្ពុជា ត្រូវបានចែកចេញជា០៣ប្រភេទ គឺជ្រឹងធំ ជ្រឹងមធ្យម និងជ្រឹងកោះ ហើយក៏ជាប្រភេទថនិកសត្វតែ០១គត់ ដែលអាចហោះហើរបាន។ ចំណែកឯចំណីអាហាររបស់វាវិញ មានដូចជា ផ្លែឈើទុំ ផ្កា និងលំអងផ្កា ជាដើម។ បើទោះជាជ្រឹងជាសត្វដែលមិនស៊ីសាច់ជាអាហារ និងជាសត្វស្លូត ដែលខុសពីប្រភេទប្រចៀវមួយចំនួនដែលស៊ីសាច់ជាអាហារក៏ដោយ ក៏ប៉ុន្តែរូបរាងរបស់វា ធ្វើឱ្យមនុស្សមិនសូវចូលចិត្តទៅវិញ។
ជារៀងរាល់ថ្ងៃ អ្នកដែលនៅជិតនោះតែងតែលឺសម្លេងស្រែកយំចេកចាចឡើងកងរំពងរបស់ពួកវានៅលើអាកាសប្រៀបបាននឹងសូរតន្ត្រីម្យ៉ាងដែលតែងតែបំពេរអារម្មណ៍ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្លះវិញ គិតថាជាការរំខានទៅវិញផងដែរ៕










