ប្រទេសឥណ្ឌា ៖ មនុស្សភាគច្រើនបានជ្រាបហើយថា ឥណ្ឌា គឺជាប្រទេសមួយមានចំនួនពលរដ្ឋច្រើនមហាសាលលើពិភពលោក ហើយចំនួនពលរដ្ឋដ៏ច្រើននេះ ធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាត្រូវដោះស្រាយបញ្ហាផ្សេងៗជានិច្ច ។ បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ដែលតែងតែកើតឡើងនោះ គឺការប្រជ្រៀតគ្នាធ្វើដំណើរតាមរថភ្លើងរបស់អ្នកដំណើរ ។
រថភ្លើងនៅឥណ្ឌាត្រូវបានគេស្គាល់ច្រើន និងល្បីល្បាញពេញពិភពលោក ដោយសារតែមានអ្នកដំណើរច្រើនលើសលប់ ជាពិសេស នៅពេលពួកគេមានការប្រញាប់ ។ រថភ្លើងទាំងនេះអាចដឹកអ្នកដំណើររាប់លាននាក់ក្នុង១ថ្ងៃ ពីព្រោះពលរដ្ឋឥណ្ឌាភាគច្រើននិយមជិះរថភ្លើង ដូចជា ៖ អ្នកនៅតំបន់ជនបទ ខណៈការដឹកជញ្ជូនអ្នកដំណើរតាមមធ្យោបាយផ្សេងមានកំណត់ ។
ពេលថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យជាតិសំខាន់ៗ គេឃើញថា រថភ្លើងនានាចង្អៀតខ្លាំងណាស់ ហើយអ្នកដំណើរពិបាករកកៅអីអង្គុយ ។ ហេតុនេះ អ្នកដំណើរខ្លះត្រូវឈរក្នុងរថភ្លើង, ឈរក្រៅរថភ្លើង, ឈរនៅក្បាលរថភ្លើង ឬអង្គុយលើដំបូលពពាក់ពពូនគ្នា ហើយវាធ្វើឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។ ប៉ុន្តែការជិះរថភ្លើងពពាក់ពពូនគ្នាបែបនេះ គឺជារឿងធម្មតានៅឥណ្ឌា ពីព្រោះក្នុង១ថ្ងៃៗ មានអ្នកដំណើរជាច្រើននាក់ត្រូវការជិះរថភ្លើង ទើបធ្វើឱ្យកៅអីអង្គុយលើរថភ្លើងនីមួយៗមិនគ្រប់គ្រាន់ ។
រដ្ឋាភិបាលឥណ្ឌាបានព្យាយាមដោះស្រាយបញ្ហាការធ្វើដំណើរតាមរថភ្លើងប្រជ្រៀតគ្នានេះរហូតមក ដូចជា ៖ ការបង្កើនចំនួនរថភ្លើង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ។ ទោះយ៉ាងណា ដោយសារមានអ្នកដំណើរជាច្រើនចាំបាច់ត្រូវជិះរថភ្លើង វាធ្វើឱ្យការជិះប្រជ្រៀតគ្នានេះនៅកើតឡើងបន្តទៀត ហើយរដ្ឋាភិបាលឥណ្ឌាពុំអាចដោះស្រាយបញ្ហានេះបានឆាប់ៗឡើយ ។.jpg)
បើយើងមានអារម្មណ៍ធុញទ្រាន់ជាមួយការធ្វើដំណើរស្ទះចរាចរណ៍ខ្លាំងតាមផ្លូវ ឬធុញទ្រាន់នឹងការតម្រង់ជួរ Check in នៅអាកាសយានដ្ឋាននោះ យើងអាចគិតឡើងវិញ បើបានសាកល្បងជិះរថភ្លើងណែនខ្លាំងនៅឥណ្ឌា ។ គេចាត់ទុកថា ឥណ្ឌាមានបណ្តាញផ្លូវដែកធំលំដាប់ទី២ លើពិភពលោក ហើយក្នុង១ថ្ងៃៗ មានពលរដ្ឋឥណ្ឌាធ្វើដំណើរតាមរថភ្លើង ប្រមាណ២៣លាននាក់ ។ ដូច្នេះ វាពុំចម្លែកទេ ដែលរថភ្លើងនៅឥណ្ឌាណែនដល់ថ្នាក់នេះ ។

រថភ្លើងនីមួយៗរបស់ឥណ្ឌាមានសភាពចាស់បំផុត បើធៀបនឹងរថភ្លើងលើពិភពលោក ដោយសាររថភ្លើងទាំងនេះត្រូវបានផលិតតាំងពីឆ្នាំ១៨៥៥ មកម៉្លេះ ។ ប៉ុន្តែរថភ្លើងចាស់ៗនៅតែបន្តរត់លើផ្លូវដែករហូតដល់បច្ចុប្បន្ន ចាប់ពីទីក្រុង New Delhi ទៅកាន់រដ្ឋ Rajasthan ។ ក្នុង១ថ្ងៃ នឹងមានរថភ្លើងចេញដំណើររហូតដល់១១.០០០រថភ្លើង ។ ក្រៅពីនេះ ឥណ្ឌាមានបុគ្គលិកធ្វើការផ្នែករថភ្លើងច្រើនបំផុតលើពិភពលោក គឺស្មើនឹង១លាន៤សែននាក់ ៕










