កាលពីថ្ងៃទី ៣១ ខែកក្កដានេះ យោងតាមការបង្ហោះរបស់ ឯកឧត្តមអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញនូវវីដេអូខ្លី និងរូបភាពមួយចំនួន ដោយភ្ជាប់មកជាមួយខ្លឹមសារថា «គម្រោងអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ។ ទេសភាពវាលស្រែក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ»។
យោងតាមរបាយការណ៍ដែលបានគូសបញ្ជាក់កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់ សិល្បការសរុបចំនួន ២០៨កន្លែង និងស្តារអាងទឹកចំនួន ៣ កន្លែង ( អាងពង្រ អាងវាំងហែង និង អាងកន្សែង) ព្រមទាំងជួសជុលទំនប់តភ្ជាប់អាងទឹកអូរខៃដន ។
គម្រោងនេះ មានលទ្ធភាពស្រោចស្រព ផ្ទៃដីបង្កបង្កើនផលវស្សាសរុបប្រមាណជិត ២០ ០០០ហិកតា និងរដូវប្រាំង ៣៥០០ ហិកតាហើយប្រជាកសិករ ដែលអាចទទួលផលមានចំនួន ៤២ ២១៣ គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និង ក្រុងសិរីសោភ័ណ។
សូមបញ្ជាក់ដែរថា គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់ជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕
រូបភាព៖ អ៊ុំ រាត្រី










