ប៊ី សុធារី Miss Grand Cambodia 2024 បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រជាពិសេសសម្រស់បវរកញ្ញាឯករូបនេះក៏ទទួលបានការចាប់អារម្មណ៍ដូចគ្នាពីសំណាកជនបរទេសក្នុងពេលដែលកញ្ញាកំពុងថតផ្សព្វផ្សាយតំបន់ទេសចរណ៍នៅខេត្តសៀមរាប។ បវរកញ្ញារូបនេះបានសន្ទនាជាមួយភ្ញៀវបរទេសដែលមកលេងប្រាសាទអង្គរវត្ត ប្រកបដោយស្នាមញញឹមនិងបានជម្រាបទៅកាន់ទេសចរអន្តរជាតិថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Grand International ផងដែរ។
ចាប់តាំងពីបានក្លាយជា Miss Grand Cambodia 2024 មកបវរកញ្ញា ប៊ី សុធារី មិនបានធ្វើឱ្យបណ្តាញសង្គមស្ងប់ស្ងាត់នោះទេតែងតែបង្ហោះរូបថ្មីៗសកម្មភាពផ្សេងៗជូនអ្នកគាំទ្រជានិច្ចដូចតាមការសន្យារបស់នាងកន្លងមក។ មិនត្រឹមតែសកម្មភាពរបស់បវរកញ្ញារូបនេះប៉ុណ្ណោះទេ ងាកទៅកាន់អ្នកគាំទ្រនាងវិញគឺដុតដៃដុតជើងស្រុះគ្នាតែម្តងក្នុងការជួយឱ្យ ប៊ី សុធារី មានអ្នកតាមដានច្រើននៅលើ IG តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរ គ្រាន់តែមានការប្រកាសជាផ្លូវការពីស្ថាប័ន MGI ក្នុងដំណើរដែលប្រទេសកម្ពុជានិងប្រទេសថៃបានសហការគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International 2024 ជាលើកដំបូងភ្លាម ប៊ី សុធារី និងក្រុមការងារមិនបង្អង់យូរទៅខេត្តសៀមរាបតែម្តង។
ថ្មីៗនេះ ប៊ី សុធារី បានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនក្នុងពេលដែលកញ្ញា បានស្លៀកឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាតជាមួយមកុដតម្លៃ១លានដុល្លារនិងកាន់ទង់ជាតិប្រទេសកម្ពុជាមានផ្ទៃប្រាសាទអង្គរវត្តនៅពីក្រោយយ៉ាងស្រស់ស្អាតជាទីតាំងដ៏អស្ចារ្យគ្មានពីរនៅលើពិភពលោក។ ក្នុងពេលដែល ប៊ី សុធារី កំពុងថតការផ្សព្វផ្សាយពីតំបន់ទេសចរណ៍មួយនេះភ្ញៀវបរទេសដែលបានមកលេងកម្សាន្តនៅប្រាសាទអង្គរវត្តចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងដោយបានបង្ហាញការស្រលាញ់ចូលចិត្តមកកាន់ ប៊ី សុធារី ជាបវរកញ្ញាប្រចាំប្រទេសកម្ពុជា។
ទទួលបានការចូលចិត្តពីសំណាកជនបរទេសដូចនេះ ប៊ី សុធារី ក៏បានសន្ទនាជាមួយភ្ញៀវបរទេសប្រកបដោយទឹកមុខសប្បាយចិត្តថែមទាំងលើកតម្កើនកម្ពុជាមួយកម្រិតទៀតក្នុងជម្រាបថាប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Grand International នាខែតុលា ខាងមុខ។
បើតាមការបង្ហាញចំណាប់អារម្មណ៍របស់លោកស្រី អ៊ឹម សុគន្ធា ក្នុងការរៀបចំការប្រកួតកម្មវិធីលំដាប់សាកលនេះនឹងសង្ឃឹមថាជាចំណែកមួយជួយវិស័យទេសចរណ៍កម្ពុជាដោយស្នើសុំគ្រប់ក្រសួងពាក់ព័ន្ធជួយជ្រោមជ្រែង៕