ប្រទេសថៃ ៖ ស្ត្រីជប៉ុនម្នាក់បានប្រាប់ភ្ញៀវទេសចរបរទេសឱ្យប្រយ័ត្នខ្លួនពេលធ្វើដំណើរមកកម្សាន្តប្រទេសថៃ ដោយការសរសេរចំណុចអវិជ្ជមានខ្លីៗក្នុងបណ្តាញសង្គម ក្រោយពីនាងរស់នៅប្រទេសថៃជាមួយស្វាមីជនជាតិថៃ អស់រយៈពេលជាង១០ឆ្នាំ ។ វាធ្វើឱ្យពលរដ្ឋថៃស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយអានចំណុចដាស់តឿនខ្លីៗរបស់នាងចប់ ។
ករណីនេះកើតឡើងក្រោយពីស្ត្រីម្នាក់ជាកូនកាត់ជប៉ុន-អាមេរិក បានសរសេររៀបរាប់ពីមូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្តមករស់នៅប្រទេសថៃ ក្នុងបណ្តាញសង្គម X ។ ការបង្ហោះរបស់នាងក្លាយជាប្រធានបទមួយដែលអ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសថៃ និងជប៉ុនចាប់អារម្មណ៍ ។
ស្ត្រីជាកូនកាត់ជប៉ុន-អាមេរិករូបនេះសរសេរថា នាងបានសម្រេចចិត្តមករស់នៅប្រទេសថៃ ដោយសារតែនៅទីនេះមានម្ហូបអាហារឆ្ងាញ់ៗ ហើយអាកាសធាតុមិនត្រជាក់ខ្លាំងពេក ។ ក្រៅពីនេះ ប្រទេសថៃមានសមុទ្រ, ភ្នំស្រស់ស្អាត, ការចំណាយផ្សេងៗក្នុងការរស់នៅមិនខ្ពស់, មានភាពកក់ក្តៅ ហើយពលរដ្ឋថៃចិត្តល្អផងដែរ ។
ប៉ុន្តែមានស្ត្រីជប៉ុនម្នាក់ទៀត ដែលក្នុងបណ្តាញសង្គម X របស់នាងបញ្ជាក់ថា នាងបានរៀបការជាមួយស្វាមីជនជាតិថៃ និងធ្វើការនៅប្រទេសថៃអស់រយៈពេលជាង១០ឆ្នាំ បាន Share ការបង្ហោះខាងលើ ព្រមទាំងបញ្ចេញមតិថា ចំណុចទាំងនេះជារឿងល្អសម្រាប់ប្រទេសថៃ ។ បន្ទាប់មក នាងក៏ចែករំលែកបទពិសោធន៍អវិជ្ជមានមួយចំនួន ដែលនាងធ្លាប់ឆ្លងកាត់នាពេលកន្លងមក មានដូចជា ៖
-ប្រទេសថៃកកស្ទះ, មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍, មានការបំពុលបរិយាកាសក្នុងរដូវប្រាំង និងវិសមភាពសេដ្ឋកិច្ចស្ថិតក្នុងចំណោមប្រទេសមានវិសមភាពសេដ្ឋកិច្ចខ្ពស់បំផុតលើពិភពលោក
-លុយអាចទិញអ្វីៗបានគ្រប់យ៉ាង
-បើទៅប្តឹងល់សមត្ថកិច្ច គឺគ្មានការដោះស្រាយទេ
-ការមានទំនាក់ទំនងជារឿងសំខាន់
-មានករណីលួចចាប់ក្មេងយ៉ាងច្រើន
-មនុស្សម្នាពុំសូវគោរពពេលវេលា
-ពេលភ្លៀងធ្លាក់បណ្តាលឱ្យមានទឹកជំនន់
-ថ្លៃរថយន្ត, រថយន្តភ្លើង និងថ្លៃព្យាបាលនៅមន្ទីរពេទ្យខ្ពស់
-មានសមត្ថកិច្ចយ៉ាងច្រើនហៅទារលុយ និង
-បុគ្គលិកយ៉ាងច្រើននិយាយស្តីដោយពុំដឹងពីព័ត៌មានពិតប្រាកដ ។
ចុងក្រោយ ស្ត្រីរូបនេះសរសេរថា ចំណុចអវិជ្ជមានរបស់ប្រទេសថៃនៅមានច្រើនទៀត ប៉ុន្តែនាងសូមសរសេរត្រឹមតែចំណុចទាំងនេះសិន ។ ក្រោយពីស្ត្រីជប៉ុនរូបនេះបង្ហោះពីចំណុចអវិជ្ជមានរបស់ប្រទេសថៃរួចមក ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមថៃបញ្ចេញមតិខុសៗគ្នា ។
ជនជាតិថៃម្នាក់និយាយថា ៖ «តែប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់លើគេ ដែលភ្ញៀវទេសចរបរទេសចូលចិត្ត ហើយថៃមានចំណាត់ថ្នាក់ខ្ពស់ជាងជប៉ុនទៅទៀត» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «រស់នៅថៃយូរពេក… ទើបមើលឃើញអ្វីៗសុទ្ធតែអវិជ្ជមានទាំងអស់ ។ ចាស់ៗពីមុនបានរស់នៅរហូតមកបច្ចុប្បន្ននេះ គ្មានអ្នកណាស្លាប់ដោយសារខ្យល់ពុល ឬផ្សែងឡើយ…» ។ ជនជាតិថៃផ្សេងទៀតថា ៖ «ជនជាតិថៃគ្នាឯង ក៏ត្រូវប្រយ័ត្នដែរ» ៕