Blink ភាគច្រើនប្រាកដជាដឹងហើយថាបន្លែដែល Rosé ចូលចិត្តជាងគេនោះគឺជីវ៉ាន់ស៊ុយ ខណៈ Jennie គឺមិនចូលចិត្តជីវ៉ាន់ស៊ុយនោះទេ។ នាងស្អប់ជីវ៉ាន់ស៊ុយខ្លាំងរហូតដល់ថ្នាក់ប្រកាសនៅលើឆាកកាលពីពេលពួកគេសម្ដែងប្រគំតន្ត្រីក្នុងប្រទេសថៃទៀតផង។ ជីវ៉ាន់ស៊ុយ គឺជាបន្លែមួយប្រភេទដែលមានប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ ហើយត្រូវបានគេយកមកប្រើជាគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទដើម្បីបន្ថែមក្លិន បង្កើនឱជារស និងបង្កើនសោភ័ណភាពក្នុងអាហារផ្សេងៗ។
ដូច្នេះ Rosé តែងតែជ្រើសរើសជីវ៉ាន់ស៊ុយមកធ្វើជាអាហារសុខភាពប្រចាំថ្ងៃរបស់នាងជានិច្ច ដោយតារាចម្រៀងសម្លេងស្រទន់វ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា នាងចូលចិត្តញ៉ាំវាណាស់ដោយសារក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់របស់វា ពិសេសបន្លែនេះក៏អាចធ្វើឱ្យរាងរបស់នាងស្រឡូនស្អាតផងដែរ។ ហេតុនេះស្ត្រីគ្រប់រូបមិនគួររំលងជីវ៉ាន់ស៊ុយឡើយ ព្រោះវាមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជាបង្កើនការផលិតកូឡាជែន។ ជាការពិតណាស់ជីស៊ុយគឺជាគ្រឿងទេសដែលសម្បូរទៅដោយវីតាមីន C មានប្រសិទ្ធភាពក្នុងការបង្កើនការផលិតកូឡាជែន ជួយឱ្យស្បែកភ្លឺថ្លា និងរលោងតាមបែបធម្មជាតិ។
លើសពីនេះវាក៏មានប្រសិទ្ធភាពប្រឆាំងភាពចាស់ផងដែរ ដោយសារជីវ៉ាន់ស៊ុយមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជួយបន្ថយដំណើរការនៃភាពចាស់ដោយលុបបំបាត់រ៉ាឌីកាល់សេរីមានសមត្ថភាពខ្លាំងអាចការពារស្បែកពីកម្តៅថ្ងៃតាមបែបធម្មជាតិ និងការពារស្បែកពីផលប៉ះពាល់នៃភាពចាស់ពីកាំរស្មីព្រះអាទិត្យ។ បន្ថែមពីនេះវាក៏ជួយព្យាបាលមុន និងរលាកស្បែកបានទៀតផង ព្រោះជីវ៉ាន់ស៊ុយគឺជាភ្នាក់ងារ antibacterial, antiseptic និង antifungal ដែលព្យាបាលស្បែកមានជាតិខ្លាញ់ដោយសារសមត្ថភាពរបស់វាក្នុងការស្រូបយកប្រេងលើស។
ហេតុនេះអ្នកជំនាញបានផ្តល់អនុសាសន៍ថាស្ត្រីគួរតែបន្ថែម ជីវ៉ាន់ស៊ុយទៅក្នុងស៊ុបប្រចាំថ្ងៃរបស់ពួកគេឱ្យបានទៀងទាត់ ដោយសារវាសម្បូរទៅដោយសារធាតុ folate ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយឱ្យស្បែកទន់ រលោង មានសំណើម និងភ្លឺថ្លាស្រស់ស្អាតដូច Rosé BLACKPINK អ៊ីចឹង។ ទន្ទឹមនឹងនោះ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងជីវ៉ាន់ស៊ុយក៏មានសមត្ថភាពទប់ស្កាត់ចលនារបស់រ៉ាឌីកាល់សេរី បន្ថយដំណើរការនៃភាពចាស់នៃស្បែកបានយ៉ាងមានប្រសិទ្ធភាពបំផុត៕










