តំបន់ទេសចរណ៍ថ្មីស្រឡាងមួយស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម បាននឹងកំពុងបង្ហាញខ្លួន បង្អួតសម្រស់ទៅកាន់ភ្ញៀវទេសចរគ្រប់ៗរូប ព្រោះនៅទីនោះ មានល្អាងភ្នំ និងស្ពានឬស្សីវែងជាងគេលំដាប់ទី២ នៅកម្ពុជា ប្រវែង៧០០ ម៉ែត្រព័ទ្ធជុំវិញល្អាង ក៏ដូចជាទីអារាមវត្តភ្នំរាប ស្ថិតនៅក្បែរនោះផងដែរ។
វត្តភ្នំរាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ្ធមកពីគ្រប់ទិសទី ខណៈនៅក្បែរគ្នានោះ ក៏រួមមានតំបន់ទេសចរថ្មីមួយដែលត្រូវបានគេស្គាល់ថាជា«ភ្នំទឹកធំ» ដែលទើបតែបង្កើតឡើងអំឡុងឆ្នាំ២០២៣ ជាប្រភេទល្អាងភ្នំធម្មជាតិព័ទ្ធជុំវិញទឹកបឹង និងស្ពានឬស្សីប្រវែង៧០០ម៉ែត្រដ៏ស្រស់ស្អាត។

តំបន់ទេសចរណ៍«ភ្នំទឹកធំ» ក្រោមគំនិតផ្តួចផ្តើមរបស់ ព្រះភិក្ខុ សិត ដាវី ព្រះចៅអធិការវត្តភ្នំរាប ដែលព្រះអង្គមានសង្ឃដីកាថា ការបង្កើតតំបន់សហគមន៍រមណីយដ្ឋានធម្មជាតិនេះឡើង គឺក្នុងគោលបំណងលើកកម្ពស់ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលស្ថិតនៅជាប់នឹងព្រំដែនប្រទេសវៀតណាម ដែលបន្ថែមពីនេះ ពុទ្ធបរិស័ទ្ធក៏ទទួលបាននូវសេចក្តីជ្រះថ្លាពីការសាងបុណ្យចម្រើនកុសលនៅឯទីអារាមវត្តភ្នំរាបផងដែរ។
នៅតំបន់ទេសចរណ៍«ភ្នំទឹកធំ»មានចម្ងាយប្រមាណតែ៥០០ម៉ែត្រប៉ុណ្ណោះទៅកាន់ព្រំដែនប្រទេសវៀណាម ខណៈនៅទីនោះ អ្នកទាំងអស់គ្នាគឺអាចចូលទស្សនាដោយឥតគិតថ្លៃ រួមជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជា ការជិះទូកកម្សាន្តចូលទៅកាន់រូងភ្នំ ការឡើងភ្នំ ឬធ្វើដំណើរឆ្លងកាត់ស្ពានឬស្សី មើលទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជុំវិញនោះជាដើម។
បន្ថែមពីនេះ ក៏មានការលក់ម្ហូបចំណីអាហារពីបងប្អូនប្រជាពលរដ្ឋសហគមន៍ទីនោះ ដែលភ្ញៀវទេសចរអាចធ្វើការទិញ យកទៅអង្គុយបរិភោគនៅលើកញ្ចុះ ខណៈក៏ទទួលបាននូវអារម្មណ៍បែបធម្មជាតិស្រស់ស្រាយ បរិយាកាសស្ងប់ស្ងាត់ល្អបំផុត។
គួរបញ្ជាក់ផងដែរថា ស្ពានឬស្សីដែលវែងជាងគេលំដាប់ទី១ នៅកម្ពុជាគឺត្រូវបានគេស្គាល់ថាជាស្ពានកោះប៉ែន ប្រវែង ៧៧៩ម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ចាមផងដែរ៕