ជឿថាប្រិយមិត្តភាគច្រើនប្រហែលជាដឹងហើយថា ត្បូងដែលមានតម្លៃនៅប្រទេសកម្ពុជាយើងគឺស្ថិតក្នុងខេត្តប៉ៃលិន ប៉ុន្តែមិនដឹងថាមានប៉ុន្មានប្រភេទនោះទេ។ ទោះជាយ៉ាងណាក្រៅពីខេត្តប៉ៃលិន ក៏មានខេត្តខ្មែរចំនួន ៦ ផ្សេងទៀត ដែលមានផ្ទុកត្បូងមានតម្លៃជាច្រើនផងដែរក្នុងនោះមានខេត្តតាកែវ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី សុទ្ធតែជាខេត្តដែលសម្បូរទៅដោយត្បូង។ ជាការពិតណាស់ត្បូងគឺជាវត្ថុមានតម្លៃដែលមួយគ្រាប់តូចៗអាចលក់បានរហូតដល់រាប់រយដុល្លារឯណោះ។
ដូច្នេះបើយោងតាមគេហទំព័រ Dhindley ត្បូងនៅប្រទេសកម្ពុជាយើងមានប្រមាណ ១១ ប្រភេទស្ថិតក្នុងខេត្តទាំង ៧ ក្នុងនោះត្បូងទទឹមពណ៌ក្រហមដែលស្ថិតក្នុងខេត្តប៉ៃលិនគឺមានតម្លៃជាងគេបំផុត។ ត្បូងទទឹមពណ៌ក្រហមមានពន្លឺភ្លឺច្បាស់ល្អ គឺជាត្បូងកម្រដែលមានគុណភាពខ្ពស់ ច្រើនរកឃើញពីបាតទន្លេជុំវិញខេត្តប៉ៃលិន គឺជាត្បូងដែលគេយកទៅធ្វើគ្រឿងអលង្ការដ៏មានតម្លៃបំផុត។ ក្រៅពីត្បូងទទឹមកម្ពុជាយើងក៏មានត្បូងកណ្តៀងផងដែរ ត្បូងកណ្តៀងជាធម្មតាមានពណ៌ខៀវ ផ្កាឈូក ស្វាយ លឿង បៃតង និងខ្មៅ។ 
ពួកវាច្រើនមានភាពរឹងស្រដៀងទៅនឹងត្បូងទទឹមដែរ ហើយក៏ជាជម្រើសដ៏ល្អសម្រាប់ការច្នៃត្បូងនេះដាក់ក្នុងសម្លៀកបំពាក់។ បន្ថែមពីនេះប្រទេសយើងក៏មានត្បូងហ្សីកុន ត្រូវបានគេរកឃើញនៅខេត្តរតនគិរី គឺជាត្បូងធម្មជាតិក្នុងចំណោមរ៉ែចំណាស់ជាងគេបំផុតនៅលើផែនដី។ ត្បូងហ្សីកុនច្រើនមានពណ៌ទឹកក្រូច និងត្នោតអមដោយពន្លឺភ្លឺត្រចះត្រចង់មានភាពស្រស់ស្អាតខ្លាំង ជាជម្រើសដ៏ល្អសម្រាប់ក្រវិល និងចិញ្ចៀន។ ក្រៅពីត្បូងដ៏អស្ចារ្យទាំងបីប្រភេទនេះ ប្រទេសយើងក៏មានថ្មគ្រីស្តាល់ ច្រើនរកឃើញនៅខេត្តកំពង់ធំ និងតាកែវ។ ថ្មគ្រីស្តាល់មានច្រើនពណ៌គឺលឿង ទឹកក្រូច ស្វាយ ខៀវ ដែលវាល្អសម្រាប់ការធ្វើជាគ្រឿងអលង្ការ។ 
លើសពីនេះកម្ពុជាក៏មានត្បូងបៃតង (PERIDOT) ច្រើនរកឃើញក្នុងខេត្តមណ្ឌលគិរីក្បែរប្រទេសវៀតណាម។ ត្បូងនេះមានភាពទាក់ទាញ និងមានតម្លៃសមរម្យជាងគេ ជាជម្រើសដ៏ល្អសម្រាប់ក្រវិល និងចិញ្ចៀន។ ចំណែកត្បូងផ្សេងទៀតដូចជា TOPAZ, AGATE, GARNET, AQUAMARINE, Obsidian, និង Tektites សុទ្ធតែជាត្បូងមានតម្លៃទាំងអស់នៅក្នុងប្រទេសកម្ពុជាយើង ដែលវាច្រើនរកឃើញក្នុងខេត្តតាកែវ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង គឺជាត្បូងរ៉ែថ្មដែលមានច្រើនពណ៌ អមដោយពន្លឺភ្លឺចែងចាំង សុទ្ធតែជាប្រភេទត្បូងកម្រនៅលើផែនដី និងជាត្បូងដ៏មានតម្លៃ ដែលមានអាយុកាលរាប់សតវត្សមកហើយ៕












