ប្រទេសអង់គ្លេស ៖ ឆ្កែញីឈ្មោះ ផេកគី ដែលធ្លាប់ទទួលបានពានជាឆ្កែមានរូបរាងអាក្រក់បំផុតនៅប្រទេសអង់គ្លេស បានក្លាយជាតារាឆ្កែកំពូលដ៏ល្បីល្បាញលំដាប់ពិភពលោក និងដើរលើកម្រាលព្រំពណ៌ក្រហមផងដែរ ក្រោយពីឆ្កែផេកគី បានសម្តែងជាឆ្កែឈ្មោះ Dogpool ក្នុងខ្សែភាពយន្តរឿង Deadpool & Wolverine ។
ភាពយន្តខ្នាតធំរឿង «Deadpool & Wolverine» បានចាក់បញ្ចាំងចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តែងដោយលោក Ryan Reynolds និងលោក Hugh Jackman ។ រីឯតួសម្តែងផ្សេងទៀតដែលល្បីល្បាញក្នុងសាច់រឿងនេះ គឺកូនឆ្កែតូច Dogpool ហើយនៅគ្រប់ឈុតឆាកក្នុងរឿង គឺកូនឆ្កែតូចបានធ្វើឱ្យអ្នកទស្សនាសើច និងញញឹមជានិច្ច ។
ហេតុនេះ វាធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមសួរថា តើកូនឆ្កែតូច Dogpool ពិតប្រាកដ មកពីខាងណាវិញ? ចម្លើយ គឺកូនឆ្កែតូច Dogpool សម្តែងដោយឆ្កែ ផេកគី (Peggy) មានអាយុ៦ឆ្នាំ ដែលជាឆ្កែមានរូបរាងអាក្រក់បំផុតនៅប្រទេសអង់គ្លេស ។ ខ្លួនរបស់ឆ្កែផេកគី ស្ទើរតែគ្មានរោមទេ លើកលែងតែរោមនៅលើមុខ និងត្រចៀករបស់វា ហើយមនុស្សគ្រប់គ្នានឹងបានឃើញ ផេកគី លាអណ្តែតចេញក្រៅគ្រប់ពេលវេលាទាំងអស់ ។
កាលពីឆ្នាំ២០២៣ ផេកគី បានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ឆ្កែមានរូបរាងអាក្រក់បំផុត ដែលរៀបចំឡើងដោយក្រុមហ៊ុនបោះពុម្ពរូបថតឈ្មោះ ParrotPrint ។ ពេលនោះ ផេកគី ទទួលបានជ័យជម្នះជាផ្លូវការថា «ឆ្កែមានរូបរាងអាក្រក់បំផុតនៅប្រទេសអង់គ្លេស» ។
ក្រោយពីទទួលបានពានរង្វាន់ជាឆ្កែរូបអាក្រក់បំផុតនៅអង់គ្លេស Holly Middleton ជាម្ចាស់របស់ ផេកគី បាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយថា ៖ «បើទោះជាមនុស្សខ្លះមើលឃើញថា ផេកគី មានមុខមាត់ខុសប្លែកពីឆ្កែផ្សេងទៀត និងពុំគួរឱ្យចូលចិត្តក្តី ប៉ុន្តែផេកគី អាចដណ្តើមបានពានរង្វាន់ជាឆ្កែរូបអាក្រក់នៅអង់គ្លេស ។ ខ្ញុំគិតថា វាជាឆ្កែស្អាតទាំងផ្នែកខាងក្នុង និងខាងក្រៅ» ។
បន្ទាប់ពីផេកគី ទទួលបានពានរង្វាន់ជាឆ្កែមានរូបអាក្រក់បំផុត ផេកគី ក៏ត្រូវបានគេជ្រើសរើសឱ្យមកសម្តែងក្នុងភាពយន្តរឿង «Deadpool & Wolverine» ដោយសម្តែងជាឆ្កែឈ្មោះ Dogpool ។
ចំណែកលោក Ryan Reynolds តួសម្តែងសំខាន់ក្នុងរឿងនេះ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «មូលហេតុដែលធ្វើឱ្យទស្សនជនចូលចិត្ត ផេកគី យ៉ាងខ្លាំង ដោយសារ ផេកគី ធ្វើអារម្មណ៍ដូចសត្វរបស់ Wade Wilson (តួឯកក្នុងភាពយន្ត)» ។
កាលពីសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៤ ឆ្កែផេកគី ថែមទាំងបានដើរនៅលើកម្រាលព្រំក្រហម ក្នុងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតជាមួយលោក Ryan Reynolds និងលោក Hugh Jackman ទៀតផង ។ លើសពីនេះ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ផេកគី ក៏បានចូលរួមក្នុងការចាក់បញ្ចាំងភាពយន្តនៅអង់គ្លេសផងដែរ ៕










