នាដការី សុគា គីមលាង ហៅ Kon Ant និង Influencer រ៉េននី ដារ៉ា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងក្រោយពីអ្នកទាំងពីរថ្មីៗនេះបានរត់លេងនៅប្រាសាទដូចទៅនឹងក្នុងហ្គេម Temple Run ប៉ុន្តែនៅក្នុងជីវិតមិនមែននៅលើទូរសព្ទដៃ។ ការលេងកម្សាន្តបែបនេះមិនត្រឹមតែមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកតាមរយៈ trending ខណៈក៏មានភ្ញៀវបរទេសជាច្រើនរូបដែលធ្លាប់បានមកកម្សាន្តនៅប្រទេសកម្ពុជាកាលពីកន្លងមកនេះក៏បានថតវីដេអូបែបនេះផងដែរ។
Temple Run គឺជាហ្គេមមួយប្រភេទដែលល្បីល្បាញជាយូរផងហើយមិនថាក្មេងចាស់ប្រុសស្រី គឺចេះលេងហ្គេមមួយប្រភេទច្រើនដោយតម្រូវឱ្យអ្នកលេងរត់គេចឧបសគ្គពីមួយទៅមួយតាមចម្ងាយដែលបានកំណត់រត់ឱ្យលឿនតាមដែលអាចធ្វើទៅបាន នោះនឹងឆ្លងពីមួយវគ្គទៅវគ្គ។ Temple Run ដែលធ្លាប់តែលេងនៅក្នុងទូរសព្ទ ពេលនេះត្រូវបានតារាល្បីពីររូបបានបំផុសគំនិតរត់នៅប្រាសាទពិតប្រាកដក្នុងជីវិតពិត ជាហេតុធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
នាដការី សុគា គីមលាង ដែលតែងតែលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ បានចូលរួមលេងកម្សាន្ត Temple Run in Real Life ដែលស្ថិតនៅប្រាសាទបាយ័ន ជាមួយសំលៀកបំពាក់ចងក្បិនជាមួយនឹងអាវយឺតពណ៌សកាន់តុក្កតាកំពុងល្បី ឡាប៊ូប៊ូ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនធ្វើឱ្យអ្នកដែលទស្សនាវីដេអូកញ្ញាហើយមានចំណាប់អារម្មណ៍ចង់លេងហ្គេមបែបនេះផងដែរ។
មិនត្រឹមតែនាដការី សុគា គីមលាងប៉ុណ្ណោះទេ ប៉ុន្តែ Influencer ដ៏ល្បីឈ្មោះមួយរូបទៀតគឺលោក រ៉េននី ដារ៉ា ក៏បានចូលរួមលេងកម្សាន្តហ្គេម Temple Run in Real Life នៅប្រាសាទខេត្តសៀមរាបដូចគ្នាធ្វើឱ្យមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។
មិនត្រឹមតែតារាល្បីទាំងពីររូបនេះប៉ុណ្ណោះទេ ក្រឡេកទៅមើលវីដេអូកាលពីកន្លងមកនេះភ្ញៀវបរទេសដែលធ្លាប់មកលេងកម្សាន្តនៅប្រទេសកម្ពុជាកន្លងមកនេះក៏បានថតវីដេអូដូចទៅនឹងហ្គេមកម្សាន្ត Temple Run ផងដែរ។ ការថតវីដេអូបែបនេះគឺជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ប្រទេសកម្ពុជាតាមការផ្សព្វផ្សាយបង្ហោះនៅលើបណ្តាញសង្គមនានា។ នៅពេលការលេងហ្គេម Temple Run in Real Life បានកាន់តែច្រើននោះនឹងជំរុញឱ្យ វីដេអូ trending មានការចូលរួមលេងទាំងជាតិនិងអន្តរជាតិ៕










