បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានខាតបង់ប្រាក់រហូតដល់ ២១.៧ ពាន់លានដុល្លារអាមេរិក ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីបានធ្លាក់ចុះខ្លាំងបន្ទាប់ពីការប្រកាសលទ្ធផលអាជីវកម្មនៅត្រីមាសទីពីរ ដែលនេះធ្វើឱ្យទ្រព្យសម្បត្តិរបស់ CEO Elon Musk ធ្លាក់ដល់ ២៤១% ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។
យោងតាម Bloomberg ការធ្លាក់ចុះទ្រព្យសកម្មរបស់មហាសេដ្ឋីរូបនេះគឺជាការធ្លាក់ចុះច្រើនបំផុតក្នុងពិភពលោក ហើយអ្នកដែលមានទ្រព្យសកម្មធ្លាក់ចុះខ្លាំងជាងគេទីពីរនោះគឺលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ Meta Platforms ដែលលោកបានខាតបង់ប្រាក់រហូតដល់ ៩.៥ ពាន់លានដុល្លារអាមេរិក។
ទោះបីជាទ្រព្យសម្បត្តិរបស់អ្នកទាំងពីរបានធ្លាក់ចុះខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែជាបុគ្គលដែលមានបំផុតនៅលើពិភពលោក។ បើយោងតាមគេហទំព័រ Forbes បច្ចុប្បន្ន Elon Musk បានកាន់កាប់ភាគហ៊ុន ១២% នៅក្នុងក្រុមហ៊ុន Tesla និង ៤២% នៃភាគហ៊ុននៅក្នុងក្រុមហ៊ុនអវកាស SpaceX ។
មហាសេដ្ឋីរូបនេះក៏មានច្រើនជាង ៧០% នៃបណ្តាញសង្គម X និងប្រហែល ៦០% នៃ xAI ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្តដែលលោកទើបតែបង្កើតថ្មីៗនេះផងដែរ។ មូលហេតុដែលភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ធ្លាក់ចុះខ្លាំងគឺដោយសារតែក្រុមហ៊ុនកាត់បន្ថយតម្លៃរថយន្តដើម្បីជំរុញតម្រូវការ ខណៈពេលដែលបង្កើនការចំណាយលើគម្រោង AI ។
ហេតុនេះបើតាមរបាយការណ៍ បានបង្ហាញឱ្យដឹងថាប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla ក្នុងមួយរថយន្តដែលលក់បាននាពេលបច្ចុប្បន្នគឺប្រហែល ៨,២០០ ដុល្លារប៉ុណ្ណោះ ធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងដើមឆ្នាំ ២០២២។ យោងតាមអ្នកវិភាគ លទ្ធផលនេះបង្ហាញថា Tesla ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីដៃគូប្រកួតប្រជែងក្នុងស្រុក និងបរទេស៕










