នៅលើពិភពលោកយើងនេះគឺមានអ្វីប្លែកៗជាច្រើនដែលមិនគួរឱ្យជឿ ជាពិសេសគឺមហាសមុទ្រដែលគ្មានឆ្នេរតែម្តង។ យើងគ្រប់គ្នាដឹងហើយថា មហាសមុទ្រទាំងអស់សុទ្ធតែមានឆ្នេរមានកោះមានត្រើយ ប៉ុន្តែដឹងអត់ថានៅលើពិភពលោកយើងនេះក៏មានមហាសមុទ្រតែមួយប៉ុណ្ណោះដែលមិនមានឆ្នេរដែរ ពោលគឺគ្មានឆ្នេរគោក គ្មានកោះត្រើយដូចមហាសមុទ្រដទៃទៀតឡើយ ដោយសារតែវាមានលក្ខណៈពិសេសបែបនេះ។ ដូច្នេះមុននឹងយើងដឹងអំពីលក្ខណៈពិសេសរបស់វា យើងត្រូវដឹងឈ្មោះ និងទីតាំងរបស់វាជាមុនសិន។
មហាសមុទ្រតែមួយគត់ក្នុងលោកដែលគ្មានឆ្នេរនោះមានឈ្មោះថា Sargasso ដែលវាមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ខាងលិចសហរដ្ឋអាមេរិក។ Sargasso គឺជាមហាសមុទ្រដ៏ធំល្វឹងល្វើយសម្បូរទៅដោយប្រភេទសារ៉ាយ Sargassum ដែលអណ្តែតនៅក្នុងមហាសមុទ្រជុំវិញពិភពលោក។ សារ៉ាយទាំងនេះមិនត្រឹមតែអណ្តែតជុំវិញមហាសមុទ្រដោយសេរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បន្តពូជលូតលាស់នៅលើសមុទ្រធំៗជាច្រើនផងដែរ។ Sargassum គឺជាប្រភពអាហារ និងជាជម្រកដ៏សំខាន់មួយរបស់ពពួកសត្វសមុទ្រផ្សេងទៀតដូចជាអណ្តើក បង្គា ក្តាម និងត្រីជាដើម។
មូលហេតុដែលសមុទ្រ Sargasso ត្រូវបានគេហៅថាជាសមុទ្រគ្មានឆ្នេរ គឺដោយសារវា ត្រូវបានកំណត់ដោយចរន្តទឹក ខណៈសមុទ្រទាំងអស់ជុំវិញពិភពលោកផ្សេងទៀតត្រូវបានកំណត់ដោយព្រំប្រទល់ដី។ ហេតុនេះមហាសមុទ្រ Sargasso គឺព័ទ្ធជុំវិញដោយចរន្តទឹកចំនួន ៤ ដោយភាគខាងលិចខណ្ឌដោយស្ទ្រីមឈូងសមុទ្រ ហើយនៅភាគខាងជើងខណ្ឌដោយចរន្តទឹកមហាសមុទ្រអាត្លង់ទិកខាងជើង និងនៅខាងកើតខណ្ឌដោយចរន្តទឹកសមុទ្រកាណារី (Canary) ក៏ដូចជានៅភាគខាងត្បូងខណ្ឌដោយចរន្តទឹកតំបន់អេក្វាទ័រអាត្លង់ទិកខាងជើង។
ដូច្នេះចរន្តទឹកទាំងបួននេះបានរួមគ្នាបង្កើតជាប្រព័ន្ធបង្វិលទឹកតាមទ្រនិចនាឡិកា ជាហេតុធ្វើឱ្យមហាសមុទ្រ Sargasso ត្រូវបានគេហៅថាជាសមុទ្រគ្មានឆ្នេរ។ គួរបញ្ជាក់ដែរថា Sargasso គឺជាសមុទ្រដែលមានសត្វកម្រជាច្រើនរស់នៅទីនោះដូចជាត្រីម៉ាលីនពណ៌ស ត្រីឆ្លាម porbeagle និងត្រីបាឡែន Humpback ដែលត្រីទាំងនេះសុទ្ធតែជាប្រភេទត្រីជិតផុតពូជ។ សមុទ្រនេះមានទំហំសរុប ៤ លានគីឡូម៉ែត្រក្រឡាអមដោយទឹកពណ៌ខៀវយ៉ាងស្ងប់ស្ងាត់ និងស្រស់ស្អាតបំផុត៕
		
	









