វៀតណាម៖ ទុរេនមួយផ្លែដែលមានទំហំធំមហិមារកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមនៅក្នុងប្រទេសវៀតណាម ខណៈមានមនុស្សជាច្រើនចោតសួរថា “តើនេះជាទុរេនពូជអ្វី ហេតុអ្វីបានជាធំយ៉ាងនេះ”?
យោងតាមការបង្ហោះវីដេអូឃ្លីបផ្លែទុរេនយក្ស ដែលម្ចាស់គណនី @cuugia.review បង្ហោះលើបណ្ដាញសង្គម TikTok បានបង្កឱ្យអ្នកនិយមអ្នកលេងអ៊ីនធឺណិតវៀតណាមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះផ្លែទុរេនយក្សនេះ ដែលឃ្លីបទាំងនេះទទួលបានការចូលមើលរាប់លានដងឯណោះ។
នៅក្នុងឃ្លីបវីដេអូនោះបានបង្ហាញឱ្យឃើញថា បុរសដែលជាម្ចាស់គណនី @cuugia.review កំពុងរុញរទេះដឹកទុរេនយក្សដោយនិយាយថា៖ «អ្នកទិញទុរេនហូបត្រូវតែទិញទុរេនធំបែបនេះ»។ វីដេអូរយៈពេល ១១ វិនាទី ធ្វើឱ្យអ្នកទស្សនាសឹងមិនជឿផ្ទាល់នឹងភ្នែក ដោយឆ្ងល់ថា តើទុរេនយក្សបែបនេះពិតជាមានមែនឬ? នៅពេលឃ្លីបនេះមានអ្នកចូលមើលជាង ២០ លានដង ក៏មានអ្នកបញ្ចេញមតិជាង ២ ម៉ឺនដែលកំពុងជជែកវែកញែកយ៉ាងក្តៅកកុកពេញបណ្តាញសង្គម។
អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនឆ្ងល់ថា ជាធម្មតាទុរេនធំបំផុតគឺមានទម្ងន់ត្រឹមតែ ២០ គីឡូក្រាមប៉ុណ្ណោះ ហេតុអ្វីបានជាទុរេនក្នុងឃ្លីបនេះធំខ្លាំងមិនគួរឱ្យជឿបែបនេះ? អ្នកខ្លះក៏និយាយថា តើនេះជាទុរេនពូជអ្វី? ហើយមកពីប្រទេសណា? តើទុរេននេះជ័រ ឬក៏ពិត? អ្នកខ្លះទៀតក៏ថា បើផ្លែទុរេនធំយ៉ាងនេះ តើដើមរបស់វាត្រូវធំប៉ុនណាទៅ? អ្នកខ្លះទៀតក៏ខំមិនថា បើមានផ្លែទុរេនធំដូចនេះ ត្រូវបន្តពូជឱ្យប្រជាពលរដ្ឋដាំដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ការដាំផ្លែទុរេនក្នុងមួយឆ្នាំក៏មិនសូវពិបាកដែរ។
ទោះជាយ៉ាងណាជុំវិញចម្ងល់ខាងលើ ម្ចាស់គណនី @cuugia.review ក៏បានបកស្រាយថា តាមពិតទៅទុរេនយក្សនេះគឺជាទុរេន AI ទេ។ ទោះបីជាត្រូវបាន “បោកប្រាស់” ដោយបច្ចេកវិទ្យាក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើននៅតែសប្បាយចិត្ត ហើយចាត់ទុកថា វីដេអូឃ្លីបផ្លែទុរេនយក្សនេះគឺគួរឱ្យចាប់អារម្មណ៍បំផុត។ ខណៈដែលកាលពីពេលថ្មីៗនេះ វីដេអូឃ្លីបរបស់ផ្លែទុរេនដ៏ធំសម្បើមមួយប្រភេទនេះ នៅតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ធ្វើឱ្យអ្នកទស្សនាជាច្រើនទទួលបានវីដេអូប្លែកៗជារៀងរាល់ថ្ងៃ៕










