Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃបារម្ភពីទំនិញចិនហូរចូល ខណៈចិនចាប់ផ្តើមបើកហាងដាក់ស្លាកអក្សរចិនធំៗ

ពលរដ្ឋថៃបារម្ភពីទំនិញចិនហូរចូល ខណៈចិនចាប់ផ្តើមបើកហាងដាក់ស្លាកអក្សរចិនធំៗ

140
0

ប្រទេសថៃ ៖ បច្ចុប្បន្ន ពលរដ្ឋថៃដែលប្រកបមុខរបរលក់ទំនិញ, នំចំណី និងម្ហូបអាហារផ្សេងៗ មិនថានៅតាមផ្សារតូច ឬហាងទំនើបធំៗ បានត្អូញត្អែរដូចៗគ្នាថា ពួកគេលក់ពុំដាច់ដូចមុនទេ ដោយសារគ្មានមនុស្សដើរផ្សារ ។ រីឯអ្នកខ្លះទៀតថែមទាំងថតហាងលក់ដូររបស់ខ្លួនបង្ហោះក្នុងបណ្តាញសង្គម និងនិយាយថា មានសភាពស្ងាត់ជ្រងំដូចកន្លែងកប់ខ្មោ.ច ។

ក្រុមអាជីវករទាំងនេះបង្ហាញក្តីបារម្ភថា ទំនិញចិនគ្មានគុណភាព និងមានតម្លៃថោកៗបានហូរចូលមកប្រទេសថៃយ៉ាងច្រើន ហើយធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរទំនិញរបស់ជនជាតិថៃ ។ ថ្មីៗនេះ គេបានឃើញជនជាតិចិនចាប់ផ្តើមបើកហាងលក់ដូរនៅតាមបណ្តាខេត្តរបស់ថៃ និងដាក់ស្លាកសញ្ញាជាអក្សរចិនធំៗជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9F3W0YuDVYXfv3G85QI0pmEtPMzVErP3CSwEXS6ULuWbIai_CX3fMCvTXUNVEaR0LnmTjCa5BmpVPwMjHQ3sBBT82r2gJVWbzErE1xTSfHwZ8Z58JGu8fmZKv9fOmBbfs9Bg5omqfifDvdPUI4yUz2rDf1CiV0fYmQkdG2e99Y_z6TWFOor0FIEjZTlR/s1500/image_2024-07-24_14-50-55.png

ចុងក្រោយ គេបានឃើញការដាក់ស្លាកសញ្ញាដែលមានសរសេរអក្សរចិនធំៗថា «ផ្សារទំនើបចិន» ព្រមទាំងដាក់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៀតផង នៅតាមផ្លូវត្រង់ចំណុចកណ្តាលខេត្តនគររាជសីម៉ា ។ ហេតុនេះ ពលរដ្ឋថៃបារម្ភថា វានឹងធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់ពួកគេយ៉ាងខ្លាំង ។

ស្លាកសញ្ញានេះមានទំហំចិនធំៗ និងដាក់នៅមុខអគារកម្ពស់៤ជាន់ នៅតាមផ្លូវរ៉ាជដាំណឺន ស្ថិតក្នុងស្រុកមឿង ខេត្តនគររាជសីម៉ា ។ វាស្ថិតនៅឆ្ងាយពីទីលានអនុស្សាវរីយ៍ថាវស៊ុណារី (ឬទីលានយាយម៉ូ) ប្រមាណ៥០០ម៉ែត្រ ហើយស្លាកសញ្ញានេះសរសេរថា «ផ្សារទំនើបចិន, អាជីវកម្មចម្បង ដែលមានលក់អាហារចិន, នំ, គ្រឿងផ្សំ, អាហារក្រៀម, អាហារក្លាសេ និងទំនិញផ្សេងទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHi2x29pfkRqdu9D9CKw00kE1KAGT73rHQ5UcKl004XgCBZC2bAoGVFdTxPCX5srcIHT1QrSCyluN84UpK9iUPpwQrS_9vxpbeYvMue-m9MCPyTRb8RXNNKECXKmNMma3iO1pD5UgR4YcWvRu3UErfvh81sih_WvhRzOG7J8pGKRPHQ_hW_hcjFLue6Ji_/s600/image_2024-07-24_14-51-54.png

ស្លាកសញ្ញាភាគច្រើនរបស់ជនជាតិចិន សុទ្ធតែសរសេរជាអក្សរចិនធំៗ ហើយសរសេរអក្សរថៃតែបន្តិចប៉ុណ្ណោះ ។ ពលរដ្ឋថៃរស់នៅខេត្តនគររាជសីម៉ា ឃើញហើយនាំគ្នាថតរូបបង្ហោះក្នុងបណ្តាញសង្គមព្រៀងព្រាត និងបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំង ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃបានមកសាកសួរអាជីវករដែលលក់ដូរនៅក្បែរស្លាកសញ្ញាចិននេះ ឱ្យដឹងថា កាលពីមុន អគារនេះធ្លាប់បើកជាក្រុមហ៊ុនទេសចរណ៍ ឬនាំភ្ញៀវទៅដើរលេងក្រៅប្រទេស ជាពិសេស ប្រទេសចិន ។ បន្ទាប់មក ក៏មានជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ទើបក្រុមហ៊ុននេះបិទទ្វារកាលពី៣ឆ្នាំមុន ។ ប៉ុន្តែនៅដើមខែកក្កដា ឆ្នាំ២០២៤ ស្រាប់តែឃើញស្លាកសញ្ញាអក្សរចិនបើកផ្សារទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXHgr6B7Jd8rq56qjdaoNPIky6uUxF9AeQrPzyJheVBA9c3iMkCteWBeRlOp7xg28PBj6F0GLpVWRSy1wwfzoGjjSsAL8EY1uARvifwjlVwFX_82XEwqZPGZ5SgcsJR5WhoO6NT2gbm9Qahb6kswb5e1uuGS8zH2_mNDZi95Op58VCFjwAd87fLbt2pCi9/s4533/image_2024-07-24_14-52-08.png

លោក ឆ័យឆាណាក់ ប្រាព្រឹតផុង អាជីវករនៅខេត្តនគររាជសីម៉ា និយាយថា លោកមើលឃើញ២ចំណុច ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មរបស់ចិន គឺ ទី១ ៖ វានឹងធ្វើឱ្យពលរដ្ឋខេត្តនគររាជសីម៉ា អាចទិញទំនិញ ឬវត្ថុធាតុដើមពីចិនក្នុងតម្លៃថោក ។ ទី២ ៖ វាគួរឱ្យបារម្ភសម្រាប់អាជីវករថៃ ពីព្រោះទំនិញចិនមានតម្លៃថោកខ្លាំង ថែមទាំងការដឹកជញ្ជូនសម័យនេះឆាប់រហ័សខ្លាំង ។ ការបញ្ជូនទំនិញពីចិនតាមរថភ្លើងល្បឿនលឿនមកដល់ឡាវ ចំណាយពេលតែ១ថ្ងៃប៉ុណ្ណោះ ហើយថ្ងៃបន្ទាប់ ទំនិញទាំងនេះមកដល់ថៃហើយ ។

ហេតុនេះ វាធ្វើឱ្យមានបញ្ហាទំនិញចិនតម្លៃថោកហូរចូលប្រទេសថៃ ដូចជា ៖ ផ្លែឈើ, អាហារស្រស់, អាហារសមុទ្រ និងទំនិញផ្សេងទៀត ។ នៅថ្ងៃអនាគត រថភ្លើងល្បឿនលឿននឹងធ្វើដំណើរមកដល់ខេត្តនគររាជសីម៉ា ពេលនោះ ការបញ្ជូនទំនិញចិនមកកាន់ខេត្តនេះ គឺចំណាយពេលត្រឹម១ថ្ងៃប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKgxHNYvMDhigScCIl5l20_l1mzJ_lUNISb3XSbkGk9T_SoNcN-7xhIcwlgZhwhP7fisBtYCnKgXsnFrGIWSbv6IN1Ed_WGcdQhjBdgXGVEo2G1Rvy9oGgtUo9cxv6JoUYsqSyL2Ns5iOMBAiDmVkxlUHPltWC4c1szc0HA9znlslY0xopEtzzSPOFDlwI/s1280/photo_2024-07-24_14-15-15.jpg

ចំណុចសំខាន់ ប្រទេសថៃបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិន ទើបធ្វើឱ្យទំនិញរួចពន្ធហូរចូលមកថៃកាន់តែច្រើន ខណៈថៃនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន៤០០បាត ទើបធ្វើឱ្យអាជីវកម្មថៃពុំអាចប្រកួតប្រជែងជាមួយចិនបានទេ ។ ហេតុនេះ លោកសូមឱ្យក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលជួយគ្រប់គ្រងទំនិញចិនផង ដើម្បីកុំឱ្យប៉ះពាល់អាជីវករតូចតាចនៅថៃ ។

លោក ឆ័យឆាណាក់ និយាយថា ៖ «បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចនៅខេត្តនគររាជសីម៉ា ធ្លាក់ចុះខ្លាំងណាស់ ជាពិសេស នៅទីរួមខេត្ត ។ រីឯចំណុចដែលមានស្លាកសញ្ញាអក្សរចិននេះ ហាងលក់ដូរនានាបានបិទទ្វារអស់ជាច្រើន ហាងខ្លះបានប្រកាសលក់ ។ បើរដ្ឋាភិបាលពុំធ្វើអ្វីសោះ គឺអ្នករកស៊ីតូចតាចមុខជាដាច់ពោះស្លាប់ច្រើនជាងនេះមិនខាន» ៕