Linda Chung តារាស្រីដ៏មានប្រជាប្រិយភាពលេចមុខតាមរយៈខ្សែភាពយន្តជាច្រើនរបស់ TVB បានរយាលការងារសិល្បៈអស់រយៈពេលជាច្រើនឆ្នាំដោយផ្តោតលើជីវិតគ្រួសារពេលនេះបានប្រកាសវិលត្រលប់មកវិញគ្រប់សកម្មភាពក្នុងអាជីពសិល្បៈ។ ជាពិសេសគ្រាន់តែនាងប្រកាសពីការប្រគំតន្រ្តីផ្ទាល់ខ្លួននាខែសីហា ខាងមុខនេះគឺសំបុត្រលក់ដាច់អស់គ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះសកម្មភាពនានាក្នុងវិស័យសិល្បៈនាងក៏ទទួលឡើងវិញដែរទោះបីជាដើរតួចិត្តអាក្រក់ក៏ដោយ។
កាលពីថ្ងៃទី២២ កក្កដា តារាសម្តែង Linda បានចូលរួមក្នុងព្រឹត្តិការណ៍ផលិតផលមួយដោយបានផ្តល់សម្ភាសទៅកាន់អ្នកកាសែត។ តារាស្រីវ័យ៤០ឆ្នាំរូបនេះបានបង្ហើបថាឥឡូវនេះ នាងកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការប្រគំតន្ត្រីផ្ទាល់ខ្លួនរបស់នាងដែលនឹងប្រារព្ធឡើងនៅទីក្រុងក្វាងចូវក្នុងខែសីហា ។ Linda បានលើកឡើងទៀតថា នាងបានហាត់សមយ៉ាងខ្លាំងទៅលើបារ៉ូលចម្រៀង ក្បាច់រាំ ដើម្បីឱ្យកាន់តែល្អ ក្នុងការត្រលប់មកលើកនេះ ព្រោះវាជាការសម្តែងលើកដំបូងរបស់នាងដោយសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។
ជាមួយគ្នានេះដែរ Linda បាននិយាយថានាងទើបតែបានធ្វើដំណើរទៅទ្វីបអឺរ៉ុបជាមួយស្វាមីនិងក្រុមគ្រួសាររបស់នាងដល់ទៅជិតមួយខែដើម្បីអបអរខួបកំណើតម្តាយក្មេករបស់នាង។ លើកនេះនាងបានត្រឡប់ទៅហុងកុងដើម្បីធ្វើការតែម្នាក់ឯង ក្នុងការរៀបចំការប្រគំតន្ត្រីរបស់នាងនៅក្នុងខែសីហា។ 
Linda ក៏បាននិយាយថា លើកនេះនាងនឹងត្រលប់មកវិញវនូវរាល់ការងារសិល្បៈរបស់នាង ក្រៅពីការច្រៀង នាងក៏អាចធ្វើជា ពិធីការិនី សម្តែងក្នុងខ្សែភាពយន្ត មិនថាការដើរតួជាតួឯក ឬតួចិត្តអាក្រក់គឺនាងព្រមទទួល។.png)
គួរបញ្ជាក់ថា Linda ជាតារាសម្តែងហុងកុង មានដើមកំណើតនៅកាណាដា បានរៀបការក្នុងឆ្នាំ២០១៥ ដោយបច្ចុប្បន្នមានកូន៣នាក់ជាចំណងដៃ។ ទោះបីក្លាយជាអ្នកម្តាយកូន៣ទៅហើយក្តី ប៉ុន្តែតារាស្រី Linda បានថែរក្សារូបរាងឱ្យនៅតែស្រស់ស្អាតនិងខ្ញង់ដដែលមិនចាញ់ក្រមុំៗនោះទេ៕










