ក្រចេះ និងស្ទឹងត្រែងគឺជាខេត្តដែលសក្ដានុពលទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើនដែលភ្ញៀវជាតិ និងអន្តរជាតិបានមកដល់ហើយ ដឹងតែមិនចង់ត្រលប់ទៅវិញនោះទេ។ ខេត្តទាំងពីរនេះគឺជាខេត្តដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជាយើង ដែលមានរមណីយដ្ឋានល្បីៗរាប់រយកន្លែងឯណោះ និងជាដែនដីសម្បូរទៅដោយផលិតផល ទេសចរណ៍លក្ខណអេកូធម្មជាតិ ពោរពេញទៅដោយជីវៈចម្រុះគ្រប់ប្រភេទយ៉ាងស្រស់ត្រកាលបំផុត។
បើនិយាយពីខេត្តក្រចេះគឺជាដែនដីដ៏ល្បីល្បាញបំផុតនៃនំក្រឡានដ៏ឆ្ងុយឆ្ងាញ់ និងជាខេត្តដែលបន្សល់ទុកនូវសិល្បៈសំណង់បុរាណនាសម័យបារាំងជាច្រើន។ ខេត្តក្រចេះគឺសិ្ថតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលមានចម្ងាយ ៣៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះមានរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិចំនួន ២៦ កន្លែងរួមមាន៖ សហគមន៍ទេសចរណ៍កោះទ្រង់, សហគមន៍អេកូទេសចរណ៍កោះសាមសិប, អន្លង់ផ្សោតកាំពី, កោះព្រហ្មចារី, វិហារសសរ ១០០, រមណីយដ្ឋានតាព្រហ្ម, រមណីយដ្ឋានភ្នំសុពណ៌កាឡី, រមណីយដ្ឋានភ្នំសំបុក និងរមណីយដ្ឋានល្បីៗជាច្រើនកន្លែងផ្សេងទៀត។
ហើយបើនិយាយពីខេត្តស្ទឹងត្រែងវិញគឺមានទេសភាពធម្មជាតិអមដោយខ្យល់អាកាសបរិសុទ្ធតាមដងទន្លេមេគង្គ និងទន្លេសេកុង ស្រស់ស្អាតបំផុតមិនសរសើរមិនបាន។ ខេត្តស្ទឹងត្រែងគឺមានសក្តានុពលទេសចរណ៍ វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ខ្លាំងជាងគេនៅតំបន់ភាគខាងជើង និងជាខេត្តភូមិភាគឦសានរបស់កម្ពុជា។ ខេត្តនេះមានរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិចំនួន ១៤ រួមមាន៖ បូរីអូរស្វាយ, រមណីដ្ឋានអូរឬស្សីកណ្តាល, កោះខ្សាច់សេកុង, ល្អាងភ្នំប្រាក់, អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល,រមណីយដ្ឋានអូរពងមាន់, ប្រាសាទព្រះគោ, រមណីយដ្ឋានថាឡាបរិវាត់, ទឹកធ្លាក់ព្រះនិមិត្ត និងរមណីយដ្ឋានល្បីៗជាច្រើនកន្លែងផ្សេងទៀត។
គួរបញ្ជាក់ដែរថា ខេត្តក្រចេះ និងស្ទឹងត្រែងគឺជាខេត្តដែលមានព្រំប្រទល់ជាប់គ្នា ហើយក៏ជាប់នឹងខេត្តរតនគិរី និងមណ្ឌលគិរីផងដែរ ដោយសារខេត្តទាំងបួននេះគឺសិ្ថតនៅភាគឦសាននៃប្រទេសកម្ពុជាដូចគ្នា។ ខេត្តទាំងបួនភាគច្រើនគឺគ្របដណ្តប់ដោយព្រៃឈើ សម្បូរដោយធនធានធម្មជាតិនៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ និងមានសត្វផ្សោតទឹកសាបជាច្រើន ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំងបំផុត។ 
ក្រៅពីនេះ ក៏មានទេសភាពដ៏ស្រស់សោភ័ណ ថៃ្ងលិចដ៏ស្រស់ស្អាត គួរឱ្យចង់ទស្សនាផងដែរ។ ខេត្តក្រចេះមានផ្ទៃដីប្រមាណ ១១០៩៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ៤២០,០០០ នាក់ រីឯខេត្តស្ទឹងត្រែងវិញគឺមានផ្ទៃដីប្រមាណ ១១០៩២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១៧០,០០០ នាក់៕










