ខេត្តសៀមរាបរបស់ប្រទេសកម្ពុជាយើងគឺបានជាប់ចំណាត់ថ្នាក់លេខ ៤ ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់ Lonely Planet ដែលជាគេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍ឈានមុខគេនៅក្នុងប្រទេសអូស្ត្រាលី។ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រនេះបានប្រកាសបញ្ជីគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកដំណើរទោល ឬអ្នកដែលធ្វើដំណើរតែម្នាក់ឯង។ 
ក្នុងនោះប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ១ ខណៈទីក្រុង Penang ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ ២ និងទីក្រុង Danang ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ដោយខេត្តសៀមរាបរបស់ប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខ ៤ ។ ហើយសម្រាប់ទីក្រុងបាងកកប្រទេសថៃ និងទីក្រុងហាណូយប្រទេសវៀតណាម ក៏ដូចជាកោះបាលីប្រទេសឥណ្ឌូនេស៊ី គឺបានជាប់ចំណាត់ថ្នាក់លេខ ៥,៦,៧ រៀងគ្នា។ ហេតុនេះសម្រាប់អ្នកទេសចរដែលចូលចិត្តធ្វើដំណើរម្នាក់ឯង អាចមកទស្សនាកន្លែងទាំងនេះបាន ព្រោះជាគោលដៅដែលមានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍។ 
ជាការពិតណាស់សៀមរាបគឺជាខេត្តមួយដែលមានសណ្តាប់ធ្នាប់ល្អ ប្រកបដោយសីលធម៌ និងមានរបៀបរៀបរយត្រឹមត្រូវបំផុត។ ខេត្តនេះបច្ចុប្បន្នកំពុងប្រែក្លាយទៅជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ដែលបម្រើឱ្យវិស័យទេសចរណ៍។ ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណជាច្រើនផ្សេងទៀតបង្កប់ដោយប្រវត្តិសាស្ត្រស៊ីជម្រៅ។ 
នៅក្បែរក្រុងសៀមរាបមានរមណីយដ្ឋានជាច្រើនដូចជារាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបន់ដែលសម្បូរទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ៕










