«ចាស់អ្នក ថ្មីខ្ញុំ» ជាយុទ្ធនាការថ្មីមួយ ហាក់កំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមមហាជន ព្រោះថាយុទ្ធនាការនេះគឺជាការកែច្នៃ ទទួលយករបស់របរចាស់ៗពីអ្នកប្រើប្រាស់ ដើម្បីជាប្រយោជន៍ ផ្គត់ផ្គង់ទៅកាន់អ្នកដែលមានជីវភាពខ្វះខាត។
យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ។
តាមរយៈយុទ្ធនាការនេះ អ្នកទាំងអស់គ្នាគឺអាចធ្វើការបរិច្ចាគនូវសម្ភារ របស់របរចាស់ៗ ដូចជា សម្លៀកបំពាក់ ឬសម្ភារសិក្សា ឬអ្វីក៏ដោយ ដែលពលរដ្ឋឬសិស្សនិស្សិតទូទៅ ឈប់ប្រើហើយ តែនៅមានគុណភាពល្អនិងមានតម្លៃ សម្រាប់យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។
ការផ្តល់ឲ្យនេះ អ្នកបរិច្ចាគគ្រប់រូបគឺអាចយកសម្ភារៈ ឬរបរខ្លួន ទៅដាក់ក្នុងធុង នៅតាមទីតាំងនានា ដែលអាជ្ញាធរបានកំណត់ មានស្ទើរតែគ្រប់ទីតាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជាខេត្តកំពត និងខេត្តបាត់ដំបងជាដើម។
គួរបញ្ជាក់ថា «ចាស់អ្នក ថ្មីខ្ញុំ» ជាកម្មវិធីដ៏ល្អ សម្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ និងគ្រប់ស្រទាប់វណ្ណៈ អាចចូលរួមចំណែកជាមួយសកម្មភាពសប្បុរសសង្គមមនុស្ស និងសង្គមជាតិទាំងមូល ហើយវាក៏ជាបង្ហាញពីវប្បធម៌នៃការចែករំលែក និងសេចក្តីស្រលាញ់ទៅកាន់សាធារណៈជនទូទៅ ក្រោមពាក្យស្លោក«ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរមានមោទនភាព»៕










