បច្ចុប្បន្នការលក់សាច់ពស់ថ្លាន់កំពុងមានការកើនឡើងយ៉ាងខ្លាំងនៅទីផ្សារសកល ដោយប្រទេសជាច្រើនបានបើកកសិដ្ឋានចិញ្ចឹមពស់ថ្លាន់ ដើម្បីយកសាច់ធ្វើជាអាហារ និងយកស្បែកធ្វើជាខ្សែក្រវាត់ ឬកាបូប។
យោងតាមសារព័ត៌មានបរទេស AFP ពស់ថ្លាន់កំពុងក្លាយជាតម្រូវការយ៉ាងចាំបាច់របស់មនុស្ស ដោយសារវាមានគុណសម្បត្តិជាច្រើនបើប្រៀបធៀបទៅនឹងសាច់បុរាណផ្សេងទៀតដូចជាសាច់មាន់ សាច់ជ្រូក ឬសាច់គោ គឺវាមានប្រូតេអ៊ីនជាង ដោយគេសង្ឃឹមថា សាច់ពស់នឹងក្លាយជាប្រភពអាហារដ៏សំខាន់បំផុតសម្រាប់មនុស្ស។
ពស់ថ្លាន់អាចទប់ទល់នឹងសីតុណ្ហភាពខ្ពស់ ក៏ដូចជាអាចទប់ទល់នឹងគ្រោះរាំងស្ងួត បន្តពូជយ៉ាងឆាប់រហ័ស និងលូតលាស់លឿនជាងប្រភពប្រូតេអ៊ីនសត្វបុរាណ រួមទាំងស៊ីចំណីតិចជាងសត្វដទៃ។ អ្នកស្រាវជ្រាវប៉ាន់ប្រមាណថានៅក្នុងប្រទេសចិន និងវៀតណាមតែមួយមានកសិដ្ឋានពស់ថ្លាន់យ៉ាងហោចណាស់ ៤,០០០ កន្លែងដែលមានពស់ថ្លាន់ជាច្រើនលាន ហើយភាគច្រើនសម្រាប់ឧស្សាហកម្មម៉ូដ។ លើសពីនេះកសិដ្ឋាននៅភាគកណ្តាលប្រទេសថៃ ក៏លក់សាច់ពស់ថ្លាន់ធ្វើជាអាហារផងដែរ។

បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature អ្នកវិទ្យាសាស្ត្របានចំណាយពេលមួយឆ្នាំសិក្សាលើសត្វពស់ថ្លាន់ភូមាជិត ៥,០០០ ក្បាលនៅក្នុងកសិដ្ឋានពាណិជ្ជកម្មចំនួនពីររបស់ប្រទេសវៀតណាម និងប្រទេសថៃ។ ដោយពួកគេរកឃើញថា ពស់ថ្លាន់ភូមាគឺអាចរស់បានរាប់ខែដោយគ្មានអាហារ និងទឹក និងមិនស្រកទម្ងន់ឡើយ ដែលវាពិតជាងាយស្រួលខ្លាំងណាស់ក្នុងការចិញ្ចឹម។ ពួកវាបន្តពូជយ៉ាងឆាប់រហ័ស ដោយពស់ថ្លាន់ញីអាចពងបានរហូតដល់ ៥០ – ១០០ ក្នុងមួយឆ្នាំ។
ការរកឃើញនេះបានលើកទឹកចិត្តម្ចាស់កសិដ្ឋានឱ្យចិញ្ចឹមពស់ថ្លាន់កាន់តែច្រើន ដែលវាក៏ជាចំណែកមួយងាយស្រួលនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ សាច់ពស់ថ្លាន់គឺជាអាហារដ៏ឈ្ងុយឆ្ងាញ់នៅអាស៊ីអាគ្នេយ៍តាំងពីយូរយារណាស់មកហើយ ប៉ុន្តែសាច់នេះមិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅជុំវិញពិភពលោកទេ បើទោះបីជាវាមានរសជាតិស្រដៀងទៅនឹងសាច់មាន់ក៏ដោយ។ ទោះជាយ៉ាងណាថ្មីៗនេះទីផ្សារសម្រាប់សាច់ពស់ថ្លាន់គឺកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងសកល ដោយសារអត្ថប្រយោជន៍យ៉ាងច្រើនរបស់វា៕










