ខេត្តបាត់ដំបង គឺជាគោលដៅទេសចរណ៍មួយដែលមានទីក្រុងស្រស់ឆើតឆាយអមតាមបណ្ដោយដងស្ទឹងសង្កែ និងជាទីក្រុងមួយដែលមានសំណង់រចនាបថផ្ទះសល់ពីសម័យអាណានិគមបារាំងកំពុងបានក្លាយជាសម្បត្តិបេតិកភណ្ឌជាតិ និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខេត្តនេះមានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះប្រសិនបើអ្នកបានទៅដល់ខេត្តបាត់ដំបងហើយ សូមកុំរំលងកន្លែងល្បីៗទាំងនេះឱ្យសោះ!
១.រមណីយដ្ឋានប្រាសាទបាណន់៖ ប្រាសាទបាណន់គឺជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅពេលមកដល់ភ្ញៀវទេសចរនឹងបានឃើញប្រាង្គប្រាសាទសង់នៅលើកំពូលភ្នំបាណន់ តំរៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយគ្រាម និងថ្មភក់។ 
នៅក្នុងល្អាងទឹកពិសិទ្ឋិ គេជឿថា អ្នកដែលបានផឹកទឹកនេះ នឹងនាំអ្នកឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ នៅជើងភ្នំ និងកំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នា យ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់សម្រាប់ភ្ញៀវទេសចរ។ អ្នកទេសចរក៏អាចស្ដាប់សំលេងសត្វយំយ៉ាងពិរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ និងសំរាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់នេះផងដែរ។
២.រមណីយដ្ឋានធម្មជាតិភ្នំសំពៅ៖ ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២។ ភ្ញៀវទេសចរអាចមកទីនេះដើម្បីស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រ ក៏ដូចជាស្រូបយកខ្យល់អាកាសធម្មជាតិ ដើរទិញនំ ចំណី អាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាដើម។
៣.ទឹកធ្លាក់ភ្នំ ៥៣៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ ៥៣ ឬហៅថា ជ្រោះភ្នំ៥៣ មានទីតាំងស្ថិតនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅទីនេះភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំ បោះតង់នៅក្នុងតំបន់ធម្មជាតិ ស្តាប់ខ្យល់វាយោរ សម្លេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី លេងទឹកឬហែលទឹកក៏បាន ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ផឹកកាហ្វេលើភ្នំ បោះជំរុំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ រៀបចំអាហារដោយខ្លួនឯងយកមកពិសា ឬគយគន់ថ្ងៃរះរហូតដល់ព្រះអាទិត្យអស្តង្គតបានជាមួយធម្មជាតិដ៏ធំសម្បូរបែប ជាទីប្រតិព័ទ្ធរបស់ភ្ញៀសទេសចរនៅជ្រោះភ្នំ ៥៣ នេះ។
៤.រមណីយដ្ឋានទឹកធ្លាក់ភ្នំកំពូល៖ ទឹកធ្លាក់ភ្នំកំពូលមានទីតាំងស្ថិតនៅភូមិអូរល្មួន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយប្រហែល ~63km ពីរង្វង់មូលលោកតាដំបងក្រញ៉ូង។ នៅពេលមកដល់ទីនេះភ្ញៀវទេសចរនឹងឃើញទឹកធ្លាក់ភ្នំកំពូល ស្ថិតក្នុងប្រភេទទឹកជ្រោះ ឬទឹកធ្លាក់ ក៏ដូចជាអាចហែលទឹក ឬលេងទឹកក៏បាន, ដើរទស្សនាកសិដ្ឋាន, ញុំអាហារឆ្ងាញ់ៗជាមួយគ្រួសារ ឬមិត្តភក្តិ ដើរលេងថ្មើរជើង, បោះជំរុំឬបោះតង់, និងមានកន្លែងពិកនិចជាច្រើនទៀត។
៥.ចំការទុរេនអូរតង៖ ចំការទុរេនអូរតង គឺជារមណីយដ្ឋានធម្មជាតិតំបន់ភ្នំ ដែលមានប្រលាយដងអូ ដោយបន្ថែមការកែច្នៃឱ្យកាន់តែមានសោភ័ណភាព។ រមណីយដ្ឋាននេះ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចំងាយប្រមាណ៧០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។ រមណីយដ្ឋាននេះ មានកន្លែងលេងទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មក្រាលបាតស្ទឹង និងមានកន្លែងអង្គុយលំហែអមដងស្ទឹងជាច្រើនទៀត។ 
ដូច្នេះភ្ញៀវទេសចរ អាចពិកនិចលក្ខណៈគ្រួសារតាមមាត់ស្ទឹង និងខ្ចុះដែលមានស្រាប់ទទួលទានអាហារឆ្ងាញ់ៗ និងថតរូបលេងកម្សាន្តផងដែរ។ បន្ថែមពីនេះក៏មានចំការផ្លែឈើចម្រុះដូចជា ទុរេន សាវម៉ាវ តាង៉ែន និងកៅស៊ូជាដើម។ ភ្ញៀវអាចលេងទឹក ឬហែលទឹក, ដើរទស្សនាកសិដ្ឋាន, ទស្សនាទេសភាពព្រៃភ្នំ, ស្រូបយកខ្យល់អាកាស ដើរលេងដោយថ្មើរជើង និងមានចំណុចពិសេសផ្សេងៗទៀត៕










