ថ្មីនេះ វីដេអូចែកចាយពីបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញពីការលក់ដូរគ្មានសណ្តាប់ធ្នាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដាក់របស់របរលយមកលើចិញ្ចឹមផ្លូវបែបនេះ ទើបបានបណ្តាលឲ្យអាជ្ញាធរចុះធ្វើការណែនាំ។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ដោយគណនីមួយដែលមានឈ្មោះថា Sok Kong ll គឺបានបង្ហាញវីដេអូខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«យល់ឃើញយ៉ាងណាដែរបងប្អូន ស្រុកអន្លុងវែង អរគុណបងៗប៉ូលីស តែងតែមើលឃើញ និងរៀបចំសណ្តាប់ធ្នាប់រហូតមក»។ 
តាមរយៈវីដេអូដោយសង្កេតឃើញថា តូបលក់ដូរផ្លែឈើចម្រុះមួយកន្លែងនេះ បានដាក់តាំងលក់ទំនិញរបស់ខ្លួន លយដល់លើដងផ្លូវសាធារណៈ ដែលជាផ្លូវធ្វើដំណើរ ខណៈដែលផ្លូវថ្នល់ទីនោះហាក់មានការតូចចង្អៀតផង ដែលអាចនឹងបណ្តាលឲ្យមានកើតគ្រោះថ្នាក់ដោយប្រការណាមួយ។ ជាមួយគ្នានោះ សមត្ថកិច្ចបានចុះធ្វើការណែនាំ និងជួយលើកទំនិញរបស់ម្ចាស់តូបចូលទៅក្នុងវិញ ក៏ដូចជាមានការសំណូមពរកុំឲ្យមានករណីបែបនេះកើតឡើងទៀតផងដែរ។
ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាតដោយមតិមួយបានលើកឡើងថា«ដាក់លក់នៅលើផ្លូវសាធារណៈមិនល្អទេ! ខ្ញុំគាំទ្រ»។ អ្នកខ្លះថា«ស្រុកអន្លុងវែង ប៉ូលីសល្អៗច្រើន»។ អ្នកខ្លះទៀតថា«ដាក់លក់ ចូលមកដល់លើផ្លូវហើយ ដល់ពេលគេរើរ គេដេញ តាំងថាគេអាក្រក់»។ ខណៈដែលអ្នកខ្លះទៀតក៏បានលើកឡើងថា«វិធីអប់រំពលរដ្ឋខ្មែរគឺបែបនេះ លើកក្រោយពួកគាត់នឹងរអៀសគំនិត និងបើកចិត្តទទួលយកការអប់រំ»៕










