ភូមិបុរាណមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជា«ភូមិព្រះដាក់» បច្ចុប្បន្នកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដែលនៅទីនោះពួកគេអាចសិក្សាឈ្វេងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ក៏ដូចជាទទួលនូវបទពិសោធន៍គួរជាទីចាប់អារម្មណ៍ជាច្រើន រួមមានសិប្បកម្ម កសិកម្មបែបប្រពៃណី និងជំនឿសាសនាជាដើម។
ភូមិព្រះដាក់ ជាភូមិដែលប្រវត្តិយូរអង្វែង ត្រូវបានកសាងឡើងប្រមាណជា៣០០ ទៅ ៤០០ឆ្នាំ ដែលភូមិនេះ មានឈ្មោះផ្សេងៗគ្នាជាច្រើនទៅតាមជំនឿរឿងព្រេងនិទានរបស់អ្នករស់នៅទីនោះ ដូចជាអ្នកខ្លះហៅថា ភូមិព្រះដាក់ បដាក ឬប្រដាក ជាដើម។ 
យោងតាមប្រភពក្រសួងទេសចរណ៍ខេត្តសៀមរាប ភូមិព្រះដាក់ ដែលមានទីតាំងនៅ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលល្បីសុះសាយនូវមុខម្ហូប «នំបញ្ចុក ភូមិព្រះដាក់» ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីគេ។ ម៉្យាងទៀត នៅទីនោះ អ្នកទាំងអស់គ្នានឹងអាចមើលឃើញពីដំណើរការនៃការផលិតនិងចម្រាញ់ស្ករត្នោត ការផលិតនំបញ្ចុក ការតម្បាញ គ្រឿងស្មូន និងសិប្បកម្មផ្សេងទៀត ដែលជាមុខរបរអ្នកភូមិនេះតាំងពីបុរាណកាលបានបន្តរហូតមកដល់បច្ចុប្បន្ន ។ ខណៈអ្នកភូមិគ្រប់គ្នាទីនោះ តែងមានភាពរួសរាយរាក់ទាក់ ព្រមជាមួយនឹងការនិយាយសំនៀងរដឺនរបស់អ្នកស្រុក ដែលពីរោះរណ្តំ គួរឱ្យចាប់ចិត្តចង់ស្តាប់ខ្លំាងណាស់។ 
បន្ថែមពីនេះ អ្នកភូមិព្រះដាក់ក៏មានការអនុវត្តកសិកម្មសរីរាង្គ ដែលអនុញ្ញាតិឲ្យភ្ញៀវទេសចរណ៍អាចចូលរួមក្នុងសកម្មភាពកសិកម្ម ដូចជាការដាំដំណាំ និងការប្រមូលផលដំណាំ និងស្វែងយល់អំពីការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ ខណៈភ្ញៀវទេសចរអន្តរជាតិភាគច្រើនបានកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើបទពិសោធន៍ធ្វើម្ហូបបែបប្រពៃណីខ្មែរ ដោយប្រើគ្រឿងផ្សំក្នុងស្រុក។ នៅទីនោះគឺមានថ្នាក់បង្រៀនធ្វើម្ហូប ក៏ដូចជាភ្លក់ម្ហូបក្នុងស្រុក រួមមានម្ហូបពិសេសៗដូចជា អាម៉ុក និងឆាឡុកឡាក់ជាដើម។
ភ្ញៀវទេសចរគ្រប់ៗរូបក៏អាចមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងអ្នកភូមិសហគមន៍ភូមិព្រះដាក់ ខណៈគ្រួសារខ្លះក៏បានអនុញ្ញាតឲ្យចូលលេងកម្សាន្តក្នុងផ្ទះស្នាក់នៅរបស់ពួកគាត់ ដើម្បីបានយល់ដឹងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយជួនកាលក៏មានការសម្តែងវប្បធម៌ របាំប្រពៃណីជូនក្នុងការទស្សនាកម្សាន្តផងដែរ។
តាមរយៈរូបភាព និងសកម្មភាពចូលរួមទាំងអស់របស់ភ្ញៀវទេសចរនៅក្នុងសហគមន៍ភូមិព្រះដាក់នេះ គឺជាការរួមចំណែកគាំទ្រសេដ្ឋកិច្ចក្នុងស្រុក និងការអភិវឌ្ឍន៍សហគមន៍ឲ្យមានភាពរីកចម្រើនជាលំដាប់ ហើយវាក៏ជាការអភិរក្សវប្បធម៌ខ្មែរដ៏មានម្លៃ តាមរយៈគំនិតផ្តួចផ្តើមជួយថែរក្សា ជំនាញ និងចំណេះដឹងប្រពៃណី ដើម្បីបន្សល់ទុកដល់កូនចៅជំនាន់ក្រោយផងដែរ៕










