កាលពីពេលថ្មីៗនេះតារាចម្រៀងចិន Huang Zitao ជាអតីតសមាជិក EXO បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍បន្ទាប់ពីលោកបានបើកចំហរស្នេហាជាសាធារណៈជាមួយតារាចម្រៀង Xu Yiyang អតីតសក្ខាកាមរបស់ផលិតកម្ម SM ។ ជាមួយគ្នានេះជីវិតជាអ្នកមានរបស់តារាចម្រៀងរូបនេះក៏បានជីកកកាយឡើងវិញ ខណៈលោកជាកូនអ្នកមានលាក់មុខកាលពីក្មេង ឪពុករបស់លោកមិនបានប្រាប់ថាជាអ្នកមានឡើយ។ បច្ចុប្បន្ននេះ Huang Zitao គឺជាអ្នកសិល្បៈមានម្នាក់ប្រចាំប្រទេសចិនគ្រាន់តែថ្លៃមើលថែយន្តហោះឯកជនរបស់លោកមួយចំណាយជាង២លានដុល្លារក្នុងមួយឆ្នាំៗ។
កាលពីថ្ងៃទី១៤ ខែកក្កដា Huang Zitao បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលលោកបានប្រកាសពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង Xu Yiyang ជាសាធារណៈដោយបង្ហាញពីរឿងរ៉ាវស្នេហារបស់ខ្លួនជាលើកដំបូងបន្ទាប់ពីរយៈពេល ១២ឆ្នាំនៅក្នុងឧស្សាហកម្មកម្សាន្ត។ បច្ចុប្បន្ន Huang Zitao គឺជានាយកប្រតិបត្តិនៃ L.TAO Entertainment ហើយគូស្នេហ៍លោកគឺជាតារាចម្រៀងក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនខ្លួន។ ទស្សនិកជនជាច្រើនបានយកចិត្តទុកដាក់ចំពោះ L.TAO Entertainment ក៏ដូចជាដំណើររបស់ Huang Zitao ពីសិក្ខាកាមក្លាយជាម្ចាស់ក្រុមហ៊ុនកម្សាន្ត និងទ្រព្យសម្បត្តិរបស់តារាចម្រៀងរូបនេះផងដែរ។
L.TAO ត្រូវបានបង្កើតឡើងដោយឪពុករបស់ Huang Zitao គឺលោក Huang Zhong Dong ក្នុងឆ្នាំ ២០១៨ ។ ឪពុកតារាចម្រៀងចិនរូបនេះបានទទួលមរណភាពនៅឆ្នាំ២០២០ ដោយសារជំងឺក្នុងវ័យ៥២ឆ្នាំ។ មុនពេលលោកចែកឋានលោក Huang Zhong Dong បានលាតត្រដាងនៅក្នុង ទស្សនាវដ្តីមួយអំពីរឿងរ៉ាវរបស់ខ្លួនអំពីការក្លាយជាអ្នកមាន និងរបៀបអប់រំកូនរបស់លោក។ អ្នកជំនួញរូបនេះ មុនពេលចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត លោកបានសាងសង់ក្រុមហ៊ុនមួយដែលមានតម្លៃជាង ២០ពាន់លានយន់ (ប្រមាណ២.៧. ពាន់លានដុល្លារ) និងកាន់កាប់ភាគហ៊ុនជាង ២០% នៅក្នុងក្រុមហ៊ុននេះ។ លើសពីនេះ គ្រួសាររបស់លោក Huang Zhong Dong មានអចលនទ្រព្យជាច្រើន។ប៉ុន្តែកាលពី Huang Zitao នៅក្មេងលោកតែងតែប្រាប់កូនប្រុសថា៖ «គ្រួសារយើងក្រ»។ នៅពេលដែល ZiTao រៀននៅសាលាបឋមសិក្សា រៀងរាល់សប្តាហ៍លោកបានឱ្យកូនរបស់ខ្លួននូវទឹកប្រាក់មួយយន់ប៉ុណ្ណោះ ខណៈដែលមិត្តភ័ក្តិរបស់ZiTao ទទួលបានពីឪពុកម្តាយរបស់ពួកគេរាប់សិបទៅ១០០ យន់មាននៅក្នុងហោប៉ៅ។ ដូច្នេះហើយ គំនិតនៃ “គ្រួសារក្រីក្រ” បានដក់ជាប់ក្នុងចិត្តរបស់ Huang Zitao ។
ដោយមានបំណងចង់ជួយឪពុកម្តាយ កាលនៅក្មេងតារាប្រុសរូបនេះបានសុំចែកខិត្តប័ណ្ណនៅតាមផ្លូវ និងមជ្ឈមណ្ឌលលក់ទំនិញ។ លោក Huang Zhong Dong ធ្លាប់អង្គុយក្នុងរថយន្តយំពេលឃើញកូនរត់លើផ្លូវក្នុងអាកាសធាតុត្រជាក់ ខណៈកូនប្រុសរបស់ខ្លួនធ្លាប់ត្រូវបានមិត្តភ័ក្តិចំអកថាជាមនុស្សក្រីក្រ។ ក្រោយមកទៀតតារាចម្រៀងរូបនេះទើបដឹងថាខ្លួនឯងជាកូនអ្នកមានដែលធ្វើឱ្យលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការកុហកថាក្រីក្រធ្វើឱ្យ Huang Zitao ធ្វើការតាំងពីក្មេង ធំឡើងដោយឯករាជ្យ និងឧស្សាហ៍ព្យាយាម។.png)
ក្នុងឆ្នាំ ២០១០ លោក Zitao បានធ្វើជាអ្នកហ្វឹកហាត់នៅក្រុមហ៊ុន SM Entertainment ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ២ទៀបភ្លឺជារៀងរាល់ថ្ងៃ។ ក្នុងឆ្នាំ ២០១២ លោកបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម EXO ។
ចាប់តាំងពីឆ្នាំ ២០១៥ Huang Zitao បានចាកចេញពីផលិតកម្ម SM ដោយភាគច្រើនទៅធ្វើការនៅប្រទេសចិនក្នុងវិស័យតន្ត្រី ភាពយន្ត និងម៉ូត។ ក្រៅពីការច្រៀង លោកតែងបទចម្រៀង និងដើរតួជាផលិតករសម្រាប់ការងាររបស់លោក។ Zi Tao ក៏បានធ្វើការជាផលិតករសម្រាប់កម្មវិធីនៅប្រទេសចិនជាច្រើនផងដែរ។ អតីតសមាជិក EXO រូបនេះក៏ធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តមួយចំនួនផងដែរ។
ឪពុករបស់តារាចម្រៀងរូបនេះ បានទុកទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួនទៅឱ្យ Zi Tao ដោយសារតែលោកជាកូនទោល។ ទោះជាយ៉ាងណា លោកនៅតែបោះបង់ការងារដោយសង្ឃឹមថាទស្សនិកជននឹងស្រលាញ់តន្ត្រីរបស់លោក។ ក្នុងឆ្នាំ ២០១៨ តារាចម្រៀងរូបនេះធ្លាប់បានបង្ហើបអំពីសម្ពាធការងារដែលជំរុញឱ្យពេលខ្លះមានអារម្មណ៍ ថប់បារម្ភ និងមិនសប្បាយចិត្ត។
បន្ទាប់ពីឪពុកទទួលមរណភាព Zi Tao បានចំណាយពេលវេលាបន្ថែមទៀតនៅក្នុងការងាររបស់ខ្លួននៅ L.TAO Entertainment ហើយចាប់តាំងពីពេលនោះមក លោកកម្របានសម្តែងក្នុងខ្សែភាពយន្តណាស់។ យោងតាម Zaobao តារាចម្រៀងរូបនេះជាម្ចាស់យន្តហោះឯកជនមួយ ហើយការចំណាយលើការថែទាំយន្តហោះក្នុងមួយឆ្នាំៗគឺយ៉ាងហោចណាស់ ១៧ លានយន់ (ប្រហែល២.៣លានដុល្លារ)។ តារាចម្រៀងនិងជាម្ចាស់ក្រុមហ៊ុនរូបនេះជាអ្នកលេងនាឡិកាប្រណីត និងរថយន្តទំនើបដ៏ល្បីមួយរូបនៅប្រទេសចិន៕










