នៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គេឃើញមានការចែករំលែកវីដេអូនៅលើបណ្តាញសង្គមព្រោងព្រាត ពាក់ព័ន្ធនឹងមន្រ្តីកិច្ចសន្យាបានកាក់ហៅម៉ូតូរ៉ឺម៉ក០១គ្រឿង ដែលបានដឹកម៉ូតូចំនួន០៥គ្រឿងនៅលើរ៉ឺម៉ក នៅគោលដៅខាងក្រោមគល់ស្ពានអាកាសស្ទឹងមានជ័យ។
ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ សរុប០៤នាក់ ឈរជើងគោលដៅខាងលើឱ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
មន្រ្តីទាំងនេះបានបំភ្លឺឱ្យដឹងថា៖” ម៉ូតូរ៉ឺម៉កបានដឹកសំពីងសំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងល្មើសការហាមឃាត់ដោយមិនអនុញ្ញាតឱ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងក្រុងខុសពេលវេលានោះទេ ខណៈដែលម៉ូតូរ៉ឺម៉កនោះធ្វើដំណើរឆ្លងកាត់នៅគោលដៅខាងលើមន្រ្តីនគរបាលចរាចរណ៍ឈរនៅខាងមុខបានកាក់ហៅឱ្យម៉ូតូរ៉ឺម៉កនោះឈប់ប៉ុន្តែអ្នកបើកម៉ូតូរ៉ឺម៉កបើកបរក្នុងស្ថានភាពលឿននឹងបានជ្រុលមកដល់ចំណុចឈរជើងមន្រ្តីជាប់កិច្ចសន្យាទើបមន្រ្តីកិច្ចសន្យាកាក់ហៅឱ្យឈប់ ហើយមន្រ្តីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់ បន្ទាប់មកបានអនុញ្ញាតឱ្យគាត់បន្តដំណើរទៅមុខ ដោយមិនបានផាកពិន័យអ្នកបើកម៉ូតូរ៉ឺម៉កនោះទេ”។

គួរបញ្ជាក់ផងដែរថា មន្រ្តីកិច្ចសន្យា មានតួនាទីជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ ដោយមិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕










