មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែកាយវិការរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ទៅកាន់ហ្វេនដែលមានពិការភាពដែលនិយាយមិនកើតស្តាប់មិនបានគឺស្តែងឱ្យឃើញពីភាពកក់ក្តៅរបស់នាងទៅកាន់ហ្វេន។ ពេលឃើញវីដេអូនេះចែកចាយនៅលើបណ្តាញសង្គមហ្វេនៗជាច្រើនទៀតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងថាពួកគេមើលនាងមិនខុសដែលយកនាងធ្វើជាអាយដល។
កាលពីរាត្រីថ្ងៃទី១២ ខែកក្កដា វគ្គផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 បានបញ្ចប់ដោយរលូនដោយរកឃើញម្ចាស់ជ័យលាភី ប៊ី សុធារី និងមានការសរសើរទៅកាន់អ្នករៀបចំកម្មវិធីដែលកាន់តែល្អឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹងចំណាប់អារម្មណ៍ទៅលើបេក្ខភាពនិងម្ចាស់ជ័យលាភីថ្មីគេបានចាប់អារម្មណ៍ទៅកាន់ ពេជ្រ វត្តីសារ៉ាឌ្ឍី Miss Grand Cambodia 2022 និងជាអនុប្រធានប្រតិបត្តិ Miss Grand Cambodia បន្ទាប់ពីឃើញវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម។

គណនីទិកតុកមួយជាឈ្មោះអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកវីដេអូ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជួបជាមួយហ្វេនដោយបានចំណងជើងថា «ពេលដែលដឹងថាហ្វេននិយាយមិនបានស្តាប់មិនឮ អ្នកព្យាយាមរៀនធ្វើត្រាប់តាមពួកគាត់ដោយក្តីស្រលាញ់ ហេតុអ្វីអ្នកល្អអ្វីល្អយ៉ាងនេះ My Queen»។ នៅក្នុងវីដេអូដែលមានរយៈពេលជិត១នាទីគេបានឃើញ Miss Grand Cambodia 2022 រូបនេះត្រាប់កាយវិការរបស់ហ្វេនដែលបង្ហាញពីសេចក្តីស្រលាញ់ចេញពីបេះដូងពិតៗចំពោះគ្នាទៅវិញទៅមក។

មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញកាយវិការដ៏កក់ក្តៅដោយបានសំពះអរគុណចំពោះហ្វេនដែលស្រលាញ់នាងនិងបានឱបហ្វេនមានពិការភាពនោះប្រកបដោយក្តីស្រលាញ់ជ្រាលជ្រៅ។
ឃើញវីដេអូនេះហើយហ្វេនៗដទៃទៀតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលទៅបញ្ចេញមតិបង្ហាញថាពួកគេជ្រើសរើស ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើជាអាយដលមិនខកបំណងបើស្គាល់នាងកាន់តែយូរនឹងដឹងឃើញពីភាពស្រស់ស្អាតពីខាងក្នុងរបស់នាងរួមជាមួយមតិយោបល់ជាច្រើនទៀត៕










