កញ្ញា រិទ្ធី លំអរពេជ្រ ហៅយូគី សហស្ថាបនិកបុណ្យភូមិនិងជា Director កម្មវិធី The Rapper Cambodia បានបញ្ចេញសារប្រតិកម្មក្រោយពីកម្មវិធីទូរទស្សន៍មួយលួចចម្លងតាំងពីឈ្មោះសូម្បីតែការផ្សព្វផ្សាយពីកម្មវិធី។ កញ្ញាបង្ហាញអារម្មណ៍ដោយការហួសចិត្តយ៉ាងខ្លាំងពេលឃើញមានការលួចចម្លងដោយមិនមានសេចក្តីអៀនខ្មាសបែបនេះ។ កញ្ញា យូគី ថាកម្មវិធី The Rapper Cambodia គឺពិតចំណែកឯកម្មវិធីមួយទៀតគឺចម្លង។
កាលពីល្ងាចថ្ងៃទី១៥ កក្កដា កញ្ញា យូគី មានគណនីហ្វេកប៊ុក Lomorpich Rithy
បានបញ្ចេញសារជាភាសាអង់គ្លេសមានអត្ថន័យជាភាសាខ្មែរថា «ខ្ញុំគ្រាន់តែមិនអាចឈរលើក្រុមហ៊ុនដែលហ៊ានថតចម្លងត្រង់ពីឈ្មោះរហូតដល់ការរចនា និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម .. ចម្លងត្រង់អ្វីគ្រប់យ៉ាងសូម្បីតែចលនា VFX នៅលើចំណងជើងកម្មវិធី។ ចម្លងត្រង់ដើម្បីបំភ័ន្តទស្សនិកជនថាវាជាកម្មវិធីពេញនិយមរបស់យើង!មិនមែននិយាយពីការទិញទេពកោសល្យក្នុងកម្មវិធីចម្លងរបស់ពួកគេ! ពេលគេចម្លងពិធីបុណ្យរបស់ខ្ញុំ ដាក់ឈ្មោះបុណ្យរបស់យើងជាមួយនឹងម៉ាករបស់គេ ហើយលក់ស្រាបៀរនៅវត្តក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ។ ឥឡូវគេធ្វើម្ដងទៀតជាមួយកម្មវិធីទូរទស្សន៍»។
កញ្ញា យូគី លើកឡើងទៀតថា «ខ្ញុំស្បថថាក្រុមហ៊ុនមិនខ្មាសគេទេ តែធ្វើអ្វីក៏បានលុយដែរ! ខ្ញុំសូមជូនពរឱ្យច្បាប់ IP របស់យើងតឹងរ៉ឹងជាងនេះ។ ខ្ញុំសូមជូនពរឱ្យទេពកោសល្យរបស់យើងដែលហៅខ្លួនឯងថា «សិល្បករ» ធ្វើបានល្អជាងនេះ ជាជាងចូលរួមកម្មវិធីចម្លងត្រង់។ ខ្ញុំយល់ពីលុយនិងកិត្តិនាម ប៉ុន្តែអ្វីដែលគួរឱ្យអាម៉ាស់ អ្នកណាដែលចូលរួមក្នុងកម្មវិធីនោះ ខ្ញុំសូមទោសដែលខ្ញុំមិនអាចឈរនៅបន្ទប់តែមួយជាមួយអ្នកបានទេ។ កិត្តិយសគឺជាតម្លៃស្នូលរបស់ខ្ញុំ។ ហួសចិត្ត លួចច្រើនដងហើយ លួចគ្រប់សព្វពេក អត់ខ្មាសសោះ The Rapper Cambodia គឺពិតមួយទៀតគឺចម្លង»។ ការលើកឡើងរបស់កញ្ញា យូគី គឺក្នុងនាមជា EP និង Director កម្មវិធី The Rapper Cambodia និងជាសហស្ថាបនិកនៃកម្មវិធី បុណ្យភូមិ។
គួរបញ្ជាក់ផងដែរថា កម្មវិធី The Rapper Cambodia បានបញ្ចប់រដូវកាលទី១របស់ខ្លួនរយៈពេលជិត៧ខែមកហើយ ខណៈ យូហៃ គឺជាម្ចាស់ជ័យលាភីថ្មីនេះជាកូនក្រុមរបស់ នរិទ្ធ។ កម្មវិធីនេះមានគ្រូបង្វឹកចំនួន៤នាក់គឺ ខ្មែរមួយជីវិត , នរិទ្ធ , Kingchi និង RuthKo និងមាន Producers ពីរនាក់គឺ វណ្ណដា និង ជូវី លីន។ កម្មវិធីប្រឡងចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពនេះមានដើមកំណើតចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាមរួមជាមួយនឹងប្រទេសកម្ពុជាផងដែរ៕










