ប្រទេសវៀតណាម ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា វាពិតជាដំណឹងដ៏គួរឱ្យរីករាយមួយសម្រាប់ពលរដ្ឋវៀតណាម គឺវៀតណាមបានប្រកាសទិញអគ្គិសនីផលិតពីបន្ទះសូឡានៅតាមលំនៅឋានពលរដ្ឋ និងអគារការិយាល័យ ។
បច្ចុប្បន្ននេះ ប្រទេសនានានៅលើពិភពលោក កំពុងតែផ្តល់ភាពសំខាន់លើការប្រើប្រាស់ថាមពលស្អាត ក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ ។ វៀតណាមបានប្រកាសថា នឹងទិញអគ្គិសនីដែលផលិតលើសពីបន្ទះសូឡាតាមលំនៅឋានពលរដ្ឋ ដើម្បីលើកកម្ពស់ និងជំរុញឱ្យពលរដ្ឋប្រើប្រាស់ថាមពលស្អាតឱ្យបានពេញលេញ ។
ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីជាតិវៀតណាមបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំគម្រោងទិញអគ្គិសនីដែលផលិតលើសពីបន្ទះសូឡាតាមលំនៅឋានពលរដ្ឋ និងអគារការិយាល័យ ។ វាជាការព្យាយាមលើកចុងក្រោយរបស់ប្រទេសវៀតណាម ក្នុងការជំរុញឱ្យពលរដ្ឋទាំងអស់ប្រើប្រាស់ថាមពលស្អាត ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមថ្លែងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងពន្លឿនផែនការទិញអគ្គិសនីលើសពីបន្ទះសូឡានៅលើដំបូលផ្ទះពលរដ្ឋ គឺនឹងទិញក្នុងតម្លៃ៦៧១ដុងក្នុង១គីឡូវ៉ាត់ម៉ោង ។ ដូច្នេះ បើផែនការនេះទទួលបានការអនុម័តនោះ វាជាតម្លៃមួយដែលក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីជាតិវៀតណាមអាចទិញអគ្គិសនីពីពលរដ្ឋ ក្នុងតម្លៃថោកជាងជិតពាក់កណ្តាល បើធៀបនឹងការទិញអគ្គិសនីពីកសិដ្ឋានផលិតអគ្គិសនីពីបន្ទះសូឡាធំៗ ។
ប្រទេសវៀតណាមបានកំណត់គោលដៅឱ្យលំនៅឋានពលរដ្ឋ និងអគារការិយាល័យនានា ត្រូវតែប្រើប្រាស់ថាមពលស្អាតពីបន្ទះសូឡាឱ្យបានពាក់កណ្តាលនៅឆ្នាំ២០៣០ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ថាមពល ដែលទទួលបានការអនុម័តពីរដ្ឋាភិបាលវៀតណាម កាលពីខែឧសភា ឆ្នាំ២០២៣ ។
សារព័ត៌មានវៀតណាម VnExpress រាយការណ៍ថា បច្ចុប្បន្ន វៀតណាមមានគម្រោងដំឡើងបន្ទះសូឡានៅលើដំបូលលំនៅឋាន និងអគារការិយាល័យ ឱ្យបានដល់១០៣.០០០គម្រោង ។ កាលពីសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យរោងចក្រនានាអាចទិញអគ្គិសនីដោយផ្ទាល់ពីផ្នែកផ្គត់ផ្គង់ថាមពលស្អាត តាមរយៈកិច្ចព្រមព្រៀងទិញថាមពល ៕










