បរទេស៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះរថយន្តម៉ាស៊ូត នឹងមិនអាចចុះបញ្ជីស្របច្បាប់បានទៀតទេនៅក្នុងប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលក្នុងការឱ្យយានយន្តរត់លើដងផ្លូវទាំងអស់ប្រើប្រាស់ថាមពលស្អាតនៅត្រឹមឆ្នាំ ២០៤០។
យោងតាមសារព័ត៌មានបរទេស britcham ការផ្លាស់ប្តូរនេះត្រូវបានប្រកាសនៅក្នុងសភាតាំងពី ៣ ឆ្នាំមុនមកម្លេះ ហើយតាំងពីពេលនោះមកសមាមាត្រនៃការចុះបញ្ជីរថយន្តម៉ាស៊ូតថ្មីៗគឺស្ថិតក្រោម ១ ភាគរយនៃចំនួនរថយន្តចុះបញ្ជីសរុប។
ការហាមប្រាមនាពេលខាងមុខលើរថយន្តម៉ាស៊ូតកើតឡើងមុនពេលរថយន្តថ្មីទាំងអស់ ដែលបានចុះឈ្មោះនៅទីនេះតម្រូវឱ្យក្លាយជាគំរូថាមពលស្អាតជាងមុនចាប់ពីឆ្នាំ ២០៣០។ ដូច្នេះនៅពេលដែលម្ចាស់រថយន្តម៉ាស៊ូតដែលបានចុះបញ្ជីមុនថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ នឹងអាចស្នើសុំលិខិតបញ្ជាក់ (COE) របស់ពួកគេបាន ប៉ុន្តែពួកគេនឹងត្រូវបង់ពន្ធផ្លូវខ្ពស់ជាងមុន ក្នុងគោលបំណងដើម្បីរារាំងការបន្ត។
នេះជាផ្នែកនៃគោលការណ៍ដែលមានស្រាប់ក្នុងការគិតថ្លៃបន្ថែមលើពន្ធផ្លូវពី ១០ ភាគរយទៅ ៥០ ភាគរយសម្រាប់យានជំនិះដែលមានអាយុលើសពី ១០ ឆ្នាំឡើងទៅ។ ទន្ទឹមនឹងនេះវាក៏ជាវិធានការទីមួយរបស់ប្រទេសក្នុងការបញ្ឈប់ការចុះបញ្ជីរថយន្តប្រើម៉ាស៊ីនម៉ាស៊ូតផងដែរ។ ចំណែកឯវិធានការបន្ទាប់ គឺចាប់ពីឆ្នាំ ២០៣០ តទៅ រថយន្តថ្មីៗដែលអាចចុះបញ្ជីបានគឺជារថយន្តដែលប្រើថាមពលស្អាត។
គួរបញ្ជាក់ដែរថា ការរឹតបន្តឹងលើរថយន្តប្រើម៉ាស៊ីនម៉ាស៊ូតនេះ គឺធ្វើឡើងចំពោះរថយន្តគ្រួសារ និងរថយន្តតាក់ស៊ី ដោយមិនគ្របដណ្តប់លើការនាំចូលរថយន្តចាស់ៗបែបក្លាស៊ីកនោះទេ។ ហេតុនេះគិតត្រឹមខែឧសភា ឆ្នាំ២០២៤ មានរថយន្តគ្រួសារ និងតាក់ស៊ី ចំនួនជិត ២ ម៉ឺនគ្រឿងរត់លើដងផ្លូវក្នុងប្រទេសសិង្ហបុរី ដែលប្រើម៉ាស៊ីនម៉ាស៊ូត។ ដូច្នេះក្នុងចំណោមរថយន្តទាំងអស់នៅសិង្ហបុរី គឺមាន ១៧% ដែលប្រើម៉ាស៊ីនម៉ាស៊ូត៕










