ថ្មីៗនេះ កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ដែលមានការចូលរួមពីនិស្សិតនៃសកលវិទ្យាល័យនិងវិទ្យាស្ថានធំៗចំនួន ៩ នៅកម្ពុជា បានប្រព្រឹត្តិទៅដោយរលូននៅឯពហុកីឡាដ្ឋានមរតកតេជោ ខណៈក៏បានរកឃើញម្ចាស់ជ័យលាភីលេខ១ គឺបានទៅលើសាលាតិចណូ ហើយជ័យលាភីលេខ ២ និង លេខ ៣ បានទៅលើសាលា NPIC។
កម្មវិធីនេះគឺធ្វើឡើងនៅក្នុងគោលបំណងប្រឡងប្រជែងរ៉ូបូត ដែលនិស្សិតកម្ពុជាទាំងអស់បានព្យាយាមផលិតវាឡើងតាមរយៈការបញ្ជារដោយប្រព័ន្ធអេអាយ និងដើម្បីយកទៅដាក់ប្រកួតនៅឯប្រទេសវៀតណាមនាខែសីហាខាងមុខ តំណាងឲ្យប្រទេសកម្ពុជា។ ខណៈដែលរ៉ូបូតទាំងនោះ អាចជួយការងារចំនួន៣ផ្នែកដល់កសិករគឺ ស្ទូងសំណាប. ច្រូតកាត់ស្រូវ និងការប្រមូលផលស្រូវយកទៅទុកដាក់។
ក្នុងការប្រកួតគឺមាននិស្សិតចំនួន៩សាលា ដែលបានផលិតរ៉ូបូតមកចូលរួម មានដូចជា៖វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) , វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), សាកលវិទ្យាល័យជាតិគ្រប់គ្រង, បណ្ឌិតសភាបច្ចេកទេសឌីជីថលកម្ពុជា និង វិទ្យាស្ថានជាតិបណ្តុះបណ្ដាលបច្ចេកទេស. ជាដើម។
យ៉ាងណាមិញ យោងតាមការប្រកាសលទ្ធផលនាថ្ងៃទី ១៥ ខែកក្កដានេះបានឲ្យដឹងថា ម្ចាស់ជ័យលាភីលេខ១ នៃកម្មវិធីប្រកួតរ៉ូបូតឆ្នាំនេះគឺបានទៅលើក្រុម ITC-02 មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខណៈជ័យលាភីលេខ ២ និង លេខ ៣ បានទៅលើវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ ជាមួយគ្នានោះ ក៏សូមកោតសរសើរនិស្សិតមកពីសាលាផ្សេងៗ នៅក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ចូលរួមនៅក្នុងការប្រកួតរ៉ូបូតឆ្នាំនេះ បើទោះបីជាមិនទទួលបានលទ្ធផលជាទីគាប់ប្រសើរក្តី។
គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតរ៉ូបូតនេះ មានការចូលដោយថ្នាក់ដឹកនាំកំពូលចំនួន៣ក្រសួងគឺ រដ្ឋមន្ត្រីក្រសួងព័ត៌មាន,រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។
ចំពោះនិស្សិត៣ក្រុមដែលឈ្នះការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ មានឱកាស បន្តឡើងទៅប្រកួតប្រជែងរ៉ូបូតកម្រិតតំបន់ អាស៊ីប៉ាហ្វិក ក្នុងព្រឹត្តិការណ៍ ABU Robocon 2024 នៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះទៀត ដែលតំណាងអោយនិស្សិតកម្ពុជា៕










