អង់គ្លេស៖ ធ្លាប់តែកាន់ដំណែងជាប្រទេសដែលមានកន្លែងទេសចរណ៍ឈានមុខគេនៅអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបច្ចុប្បនវិស័យទេសចរណ៍ក្នុងប្រទេសអង់គ្លេសគឺនៅទ្រឹងបន្ទាប់ពីស្តេច Charles ឡើងកាន់ដំណែង និងមេដឹកនាំគណបក្សការងារអង់គ្លេស Keir Starmer បានក្លាយជានាយករដ្ឋមន្ត្រី។
យោងតាម BBC កន្លែងទេសចរណ៍ល្បីៗជាច្រើនក្នុងប្រទេសអង់គ្លេស បច្ចុប្បន្នមិនសូវមានភ្ញៀវមកទស្សនាកម្សាន្តច្រើនដូចមុនឡើយ ដោយសារប្រជាជនមិនសូវរួសរាយរាក់ទាក់ ឆ្នេរដ៏ស្រស់ស្អាតជាច្រើនត្រូវបានបំពុល ហើយតម្លៃទិដ្ឋាការក៏ថ្លៃខ្លាំងទៀត ដែលនេះបានធ្វើឱ្យចក្រភពអង់គ្លេសបាត់បង់តំណែងជាកន្លែងទេសចរណ៍ឈានមុខគេរបស់អឺរ៉ុបបន្តិចម្តងៗ។
បើយោងតាមរបាយការណ៍ក្នុងឆ្នាំ ២០១៩ ប្រទេសអង់គ្លេសបានស្វាគមន៍ភ្ញៀវទេសចរណ៍ជិត ៤១ លាននាក់ ហើយនៅឆ្នាំ ២០២៣ នៅពេលដែលចំនួនអ្នកទេសចរកើនឡើងទូទាំងពិភពលោក ចក្រភពអង់គ្លេសមិនទាន់បានជាសះស្បើយពី Covid 19 ពេញលេញនៅឡើយទេដោយមានអ្នកទស្សនាជិត ៣៨ លាននាក់។ ហេតុនេះចំនួនភ្ញៀវដែលដាក់ពាក្យសុំទិដ្ឋាការគឺបានថយចុះ ១៩% បើប្រៀបធៀបទៅនឹងមុនការរីករាលដាល។ លោក Tom Jenkins នាយកប្រតិបត្តិនៃអង្គការទេសចរណ៍អឺរ៉ុបបានអត្ថាធិប្បាយថា នៅឆ្នាំនេះប្រទេសអង់គ្លេសគឺមានតម្រូវការច្រើនដើម្បីអភិវឌ្ឍឧស្សាហកម្មទេសចរណ៍បន្ថែមទៀតដែលជាហេតុធ្វើឱ្យវិស័យទេសចររបស់ប្រទេសនេះនៅទ្រឹង។
លោក Tom Jenkins បានបន្តថា ឧស្សាហកម្មទេសចរណ៍អង់គ្លេសនៅតែរងផលប៉ះពាល់ដោយឥទ្ធិពលនៃជំងឺរាតត្បាត។ ហេតុនេះដើម្បីធ្វើឱ្យចក្រភពអង់គ្លេស “អស្ចារ្យម្តងទៀត” យោងតាមអ្នកជំនាញ រដ្ឋាភិបាលថ្មីប្រហែលជាត្រូវប្រើទេសចរណ៍ជាគន្លឹះសេដ្ឋកិច្ច។ ភាពខ្លាំងនៃវិស័យទេសចរណ៍គឺអាចភ្ជាប់ទំនាក់ទំនងបានយ៉ាងឆាប់រហ័ស និងផ្សព្វផ្សាយទៅកាន់មនុស្សនៅពេលវេលាត្រឹមត្រូវណាមួយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលត្រូវចាក់បញ្ចូលថវិកាផ្សព្វផ្សាយទេសចរណ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

យោងតាម Patricia Yates របស់ VisitBritain ថវិការបស់ពួកគេគឺប្រហែល ២៣ លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ តួរលេខទេសចរណ៍នៅប្រទេសអៀរឡង់ជិតខាងគឺ ៨៥,៥ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា បច្ចុប្បន្នភ្ញៀវទេសចរដែលមកលេងប្រទេសអង់គ្លេសគឺបានធ្លាក់ចុះខ្លាំង ហើយសព្វថ្ងៃប្រទេសនេះគឺកំពុងខិតខំប្រឹងប្រែងដើម្បីលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ៕










