ប្រទេសអៀរឡង់ ៖ សត្វឆ្មាចាប់ផ្តើមមានផែនការឱ្យមនុស្សចិញ្ចឹមថែទាំពួកវា តាំងពីប្រមាណ១ម៉ឺនឆ្នាំមុន មកម៉្លេះ ។ នេះជាការលើកឡើងរបស់អ្នកជំនាញផ្នែកអាកប្បកិរិយាសត្វ និងរបៀបរស់នៅរបស់សត្វ ស្តីពី «ទំនាក់ទំនងរវាងមនុស្ស និងឆ្មា» មកពីសាកលវិទ្យាល័យ Queen’s University Belfast ប្រទេសអៀរឡង់ ។
អ្នកជំនាញនិយាយថា កាលពីមុន ឆ្មា គឺជាសត្វមានចិត្តសណ្តោសប្រណី និងជាសត្វប្រមាញ់ក្នុងព្រៃតែឯង ច្រើនជាងរស់នៅជាហ្វូង ។ លើសពីនេះ ពួកវាស្ទើរតែពុំបានយំ ឬស្រែកដាក់គ្នាទេ ។ រីឯការយំរបស់ឆ្មា គឺជាការអភិវឌ្ឍផ្នែកទំនាក់ទំនងថ្មីរបស់វាសម្រាប់ការឆ្លើយតប ឬបង្ហាញអាកប្បកិរិយាជាមួយមនុស្ស ។
មនុស្ស និងឆ្មា បានជួបគ្នាជាលើកដំបូងកាលពីប្រមាណ១ម៉ឺនឆ្នាំមុន គឺក្នុងអំឡុងពេលមនុស្សចាប់ផ្តើមបង្កើតកន្លែងរស់នៅជាអចិន្ត្រៃយ៍ ។ ក្រោយពីមនុស្សមានផ្ទះស្នាក់នៅហើយ ក៏ចាប់ផ្តើមមានសត្វកកេរផ្សេងៗចូលមករស់នៅជាមួយមនុស្ស ដោយសារមនុស្សសម្បូរចំណីអាហារឱ្យពួកវាស៊ី ។
លើសពីនេះ ឆ្មាក៏ចាប់ផ្តើមមករស់នៅជាមួយមនុស្សដែរ ពីព្រោះមនុស្សសម្បូរអាហារឱ្យពួកវាស៊ីដូចគ្នា ។ ពេលឆ្មាមករស់នៅក្បែរមនុស្សកាន់តែច្រើន ពួកវាក៏ចាប់ផ្តើមស្និទ្ធស្នាលជាមួយមនុស្សកាន់តែខ្លាំង ហើយមិនមែនមានតែមនុស្សទេ ដែលព្យាយាមសិ្នទ្ធស្នាលជាមួយឆ្មា ប៉ុន្តែឆ្មាក៏ព្យាយាមស្និទ្ធស្នាលជាមួយមនុស្សដូចគ្នា ។ ឆ្មាបានសម្របខ្លួនខ្លាំងឡើង ពីព្រោះពួកវាអាចមើលថែខ្លួនឯងបាន ហើយពុំចាំបាច់ស្តាប់បង្គាប់មនុស្ស ។
តាមការស្រាវជ្រាវកាលពីឆ្នាំ២០០៩ ទៅលើអាកប្បកិរិយាសត្វ បង្ហាញថា សំឡេងយំរបស់ឆ្មាពេលពួកវាកំពុងស្រេកឃ្លាន និងពេលពួកវាឆ្អែត គឺមានកម្រិតសំឡេងខុសគ្នា ។ អ្នកចិញ្ចឹមឆ្មានិយាយថា ពេលវាឃ្លានចំណី វានឹងស្រែកយំខ្លាំងៗពេលដំបូង និងរំខានមនុស្ស ហើយអាកប្បកិរិយាប្រើប្រាស់កម្រិតសំឡេងនេះ មិនមែនកើតឡើងតែលើឆ្មាមួយទេ ប៉ុន្តែមនុស្សក៏ធ្វើបែបនេះដែរ ។.jpg)
អ្នកស្រាវជ្រាវកត់សម្គាល់ថា ការពិត ឆ្មាបានសង្កេត និងធ្វើត្រាប់តាមមនុស្ស តាមរយៈការប្រើប្រាស់សំឡេង ដើម្បីឱ្យមនុស្សយកចិត្តទុកដាក់ជាមួយវា ទើបធ្វើឱ្យឆ្មាមានប្រៀបផ្នែកទំនាក់ទំនង ។ ហេតុនេះ ឆ្មាបានសម្របខ្លួនដើម្បីទទួលបាននូវការថែទាំ និងការចាប់អារម្មណ៍ពីមនុស្ស ហើយធ្វើឱ្យម្ចាស់ឆ្មាជាច្រើនពុំអាចនៅស្ងៀមទេ ពេលឮឆ្មាយំ ៕










