ប្រទេសជប៉ុន៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីខេត្ត Yamagata របស់ប្រទេសជប៉ុនបានអនុម័តបទប្បញ្ញត្តិថ្មីមួយដោយអំពាវនាវឱ្យមនុស្សសើចយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តឱ្យកាន់តែប្រសើរឡើង។ ទោះជាយ៉ាងណាច្បាប់នេះក៏បានប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើន ដោយអ្នកស្រុករិះ.គន់ថា ជាការរំលោភសិទ្ធិរបស់ពួកគេ។
យោងតាម South China Morning Post បានឱ្យដឹងថា ក្រុមប្រឹក្សាខេត្ត Yamagata កាលពីចុងសប្តាហ៍មុនបានបោះឆ្នោតអនុម័តបទប្បញ្ញត្តិដែលស្នើឡើងដោយសមាជិកនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដោយលើកទឹកចិត្តមនុស្សឱ្យ “បណ្តុះសុខភាពផ្លូវកាយ និងផ្លូវចិត្តតាមរយៈការសើច ដូចជាញញឹម សើច យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ”។ .
បទប្បញ្ញត្តិនេះក៏តម្រូវឱ្យអ្នកដឹកនាំធុរកិច្ចអភិវឌ្ឍបរិយាកាសការងារ “ពោរពេញដោយសំណើច” ហើយចាត់ទុកថ្ងៃទី ៨ នៃរៀងរាល់ខែជាថ្ងៃសម្រាប់ប្រជាជននៅក្នុងខេត្ត “លើកកម្ពស់សុខភាពតាមរយៈការសើច”។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយយោងតាមការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ដពីសាកលវិទ្យាល័យ Yamagata ដែលបានបង្ហាញថាអ្នកដែលសើចច្រើនតែងមានហានិភ័យទាបនៃការស្លាប់មុនអាយុ មានន័យថាអ្នកសើចច្រើនគឺមានសុខភាពល្អ និងអាយុវែង។
ទោះជាយ៉ាងណាក៏ដោយ ចំណាត់ការនេះគឺបានបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅពេលសមាជិកក្រុមប្រឹក្សាខេត្តមួយចំនួនមិនយល់ស្របដោយហេតុផលសិទ្ធិមនុស្ស។ ពួកគេបានបោះឆ្នោតប្រឆាំងនឹងវា ដោយសារតែពួកគេជឿថា ការសើច ឬមិនសើច គឺជាសិទ្ធិរបស់មនុស្សម្នាក់ៗ ក្នុងសេរីភាពខាងក្នុង និងមនោគមវិជ្ជា។ 
លោក Satoru Ishiguro សមាជិកនៃគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ (CDP) នៅក្នុងសភា Yamagata បាននិយាយថា “យើងមិនអាចជ្រៀតជ្រែកសិទ្ធិរបស់មនុស្សដែលពិបាកសើចដោយសារជំងឺ ឬហេតុផលផ្សេងទៀតបានទេ” ។ ជាការឆ្លើយតប ស្នងការ LDP លោក Kaori Ito បានសង្កត់ធ្ងន់ថា បទប្បញ្ញត្តិមិនតម្រូវឱ្យមនុស្សញញឹម និងគោរពច្បាប់របស់ខ្លួននោះទេ។ 
ក្រុមប្រឹក្សាខេត្តក៏មិនដាក់ពិន័យចំពោះអ្នកដែលមិនអាចញញឹមបានយ៉ាងហោចណាស់ក្នុងមួយថ្ងៃដែរ។ ដូច្នេះបទប្បញ្ញត្តិនេះ គ្រាន់តែជាការលើកកម្ពស់ និងការខិតខំធ្វើឱ្យមនុស្សញញឹម ឬសើចប៉ុណ្ណោះ ទោះបីមនុស្សទាំងនោះមិនសើចក៏មិនអីដែរ។ គួរបញ្ជាក់ដែរថាក្រៅពីខេត្ត Yamagata ខេត្តពីរផ្សេងទៀតដូចជាកោះហុកកៃដូ និង Osaka ក៏អនុវត្តកម្មវិធីជាច្រើនដើម្បីលើកកម្ពស់សុខភាពតាមរយៈស្នាមញញឹមផងដែរ ដោយពួកគេក៏កំណត់យកថ្ងៃទី ៨ ជារៀងរាល់ខែជាថ្ងៃសើចសម្រាប់ប្រជាជនក្នុងខេត្ត៕










