ប្រទេសថៃ ៖ វាបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននៅប្រទេសថៃចែកចាយវីដេអូ និងមានចម្ងល់ថា តើវាជាម៉ូតូពិតប្រាកដ ឬក្លែងក្លាយ? ក្រោយពេលពួកគេឃើញអ្នកប្រើប្រាស់ TikTok ឈ្មោះ «teemsarunyu» បង្ហោះវីដេអូបុរសម្នាក់លីម៉ូតូលើស្មា រួចហើយដើរឡើងលើស្ពានអាកាសមួយកន្លែងនៅម្តុំផ្សារស៊ីមុំមឿង ខេត្តប៉ាធុមថានី ។
ក្នុងវីដេអូនេះ គេបានឃើញបុរសរូបនេះលីម៉ូតូដាក់លើស្មា និងដើរឡើងលើស្ពានអាកាសសម្រាប់អ្នកថ្មើជើង នៅម្តុំផ្សារស៊ីមុំមឿង ព្រមទាំងមានមនុស្សម្នាដើរឆ្លងកាត់ទៅមក ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានសួរថា តើវាជាម៉ូតូពិតប្រាកដ ឬក្លែងក្លាយ? ហើយពួកគេនិយាយថា បើវាជាម៉ូតូពិតប្រាកដមែននោះ តើបុរសនេះអាចលីឡើងលើស្ពានដោយរបៀបណា? ។ វីដេអូនេះបានល្បីក្នុងបណ្តាញសង្គមភ្លាមៗ និងមានអ្នកមើលរាប់លាននាក់ ក្រោយពីបង្ហោះមិនដល់១ថ្ងៃ ។.jpg)
ក្រោយមក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរទៅកាន់ចំណុចដែលបានថតក្នុងវីដេអូនេះ ដើម្បីបកស្រាយចម្ងល់ និងសួរពីអារម្មណ៍ពលរដ្ឋរស់នៅក្បែរបរិវេណស្ពានអាកាស ស្ថិតនៅស្រុកឡាំលូកកា ខេត្តប៉ាធុមថានី ។ ក្រោយការសាកសួរឃើញថា ផ្លូវឡើងទៅលើស្ពានអាកាសនេះចង្អៀតខ្លាំងណាស់ គឺស្មើប្រមាណ១ម៉ែត្រប៉ុណ្ណោះ ហើយពេលឡើងដល់ចំណុចខាងលើ ផ្លូវលើស្ពានអាកាសស្មើ២ម៉ែត្រ ។ រីឯការលីម៉ូតូចុះទៅផ្នែកខាងក្រោមវិញ មិនថាម៉ូតូពិតប្រាកដ ឬក្លែងក្លាយ គឺពិតជាលំបាកខ្លាំងណាស់ ។
បើតាមការសាកសួរអ្នកស្រី ថៈណាផន សាខាមុឡាក់ អាយុ៥០ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុបនៅចំណុចស្ពានអាកាសខាងលើ និយាយថា អ្នកស្រីបានឃើញបុរសនេះលីម៉ូតូឡើងលើស្ពាន ហើយម៉ូតូនេះធំខ្លាំងណាស់ ប៉ុន្តែវាពុំមែនជាម៉ូតូពិតប្រាកដទេ គឺជាម៉ូតូជ័រសម្រាប់ក្មេងជិះលេងប៉ុណ្ណោះ ។ ទោះយ៉ាងណា បុរសនេះជាមនុស្សពូកែ ដែលអាចលីម៉ូតូឡើងលើស្ពានអាកាសបាន ។.jpg)
អ្នកស្រី ថៈណាផន បន្តថា បុរសនេះបានទិញម៉ូតូឱ្យកូន ហើយគាត់ពិតជាពូកែដែលអាចលីម៉ូតូធំឆ្លងទៅផ្លូវម្ខាងទៀត ។ ហេតុនេះ គាត់ពុំបានចង់ល្បីល្បាញក្នុងបណ្តាញសង្គម ឬសម្តែងអ្វីទេ ហើយក៏គ្មានអ្នកណាមកចាំថតគាត់ដែរ ។ ប៉ុន្តែមានអ្នកឃើញគាត់ រួចថតយកទៅបង្ហោះក្នុង TikTok ដើម្បីឱ្យអ្នកមើលសប្បាយភ្នែកប៉ុណ្ណោះ ។
ចំណែកលោក ស៊ុរ៉ាស័ក្ត អ៊ីនស៊ុតា អាយុ៥១ឆ្នាំ ជាពលរដ្ឋដើរឆ្លងកាត់បរិវេណនេះនិយាយថា វាជារឿងប្លែកណាស់ ហើយវាពុំអាចទៅរួចទេ ដែលបុរសខាងលើអាចលីម៉ូតូធំបែបនេះឡើងលើស្ពានអាកាស ។ បើមើលក្នុងវីដេអូនេះ លោកគិតថា វាជាម៉ូតូក្មេងលេង មិនមែនជាម៉ូតូពិតប្រាកដទេ ប៉ុន្តែពេលមើលវីដេអូនេះរួចហើយធ្វើឱ្យលោកបាត់តានតឹង និងសើច ។
រីឯអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតនិយាយថា វាជាម៉ូតូជ័រ ហើយបុរសខាងលើអាចយកទៅឱ្យកូនរបស់ខ្លួន ។ មនុស្សខ្លះទៀតថែមទាំងនិយាយចំអន់ថា កូនៗរបស់គាត់នឹងមើលឃើញពីការលះបង់របស់ឪពុក ដែលហ៊ានធ្វើដល់ថ្នាក់នេះ ។ ក្រៅពីនេះ មនុស្សមួយចំនួនទៀតនិយាយថា វាគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ខណៈអ្នកខ្លះទៀតថា ធ្វើចឹង មិនបារម្ភរឿងស្ទះចរាចរណ៍ទេ ៕










