ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
ឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងថា៖”ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយដ៏ព្រោតព្រាតគ្រប់ច្រកឡ្ហកនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ”។
ឯកឧត្តម ក៏បានថ្លែងទទួលស្គាល់ដែរថា៖”សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុដូចបច្ចុប្បន្ននេះបានឡើយ”៕