ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវីដេអូការរាំចង្វាក់ប្រពៃណីខ្មែរក្នុងចំណោមកុមារា កុមារីមួយថ្នាក់ នៅក្នុងឈុតសម្លៀកបំពាក់ក្រម៉ាខ្មែរបានយ៉ាងស្រស់ស្អាត ក្រោមការបង្ហាត់បង្រៀនដោយលោកគ្រូមួយរូប ក្នុងខេត្តកំពង់ធំ។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Tik Tok ដែលមានឈ្មោះថា ញ៉ិល ថែធួន គឺបានចែកចាយវីដេអូឃ្លីបខ្លីៗជាច្រើន បង្ហាញពីសកម្មភាពនៃការបង្រៀនរបស់គាត់នៅក្នុងថ្នាក់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺនៅម៉ោងសិល្បៈ លោកគ្រូរូបនេះគឺបានធ្វើការបង្រៀនចង្វាក់រាំប្រពៃណីខ្មែរទៅកាន់សិស្សានុសិស្ស ដែលជាកុមារតូចៗរបស់គាត់ថែមទៀតផង។

ដោយសង្កេតឃើញថាមានកុមារា កុមារីតូចៗ បានចូលរួមយ៉ាងសកម្មនៅក្នុងថ្នាក់រៀន ដែលទំនងជាម៉ោងសិល្បៈ ខណៈពួកគេស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ក្រម៉ាខ្មែរគ្រប់ៗគ្នាផងដែរ។ ជាមួយគ្នានោះ គេក៏បានប្រទះឃើញវត្តមានលោកគ្រូរបស់ពួកគេ ស្ថិតនៅកណ្តាលវង់ កំពុងបង្ហាត់បង្រៀនចង្វាក់រាំវង់ ដែលជាចង្វាក់ប្រពៃណីខ្មែរ ទៅកាន់សិស្សានុសិស្សខ្លួន។ បន្ទាប់ខិតខំយកចិត្តទុកដាក់រៀន ក៏ដូចជាជ្រួលជ្រាបពីចង្វាក់រាំរួចមកហើយ កុមារតូចៗទាំងនោះក៏បាននាំគ្នារាំតាមលោកគ្រូ បានយ៉ាងស្រស់ស្អាតនិងស្រុះគ្នាផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីវីដេអូទាំងនេះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា«លោកគ្រូរាំស្អាតណាស់ អរគុណដែលជួយបង្រៀនចង្វាក់រាំវង់ប្រពៃណីដល់ក្មេងតូចៗ»។ អ្នកខ្លះថា«សូមសរសើរដល់លោកគ្រូដែលមានបេះដូងស្រលាញ់និងអភិរក្សវប្បធម៌ខ្មែរ ពិសេសគឺបណ្តុះក្មេងៗឲ្យចូលថែរក្សាដែរ»៕
@bongbav15 Replying to @ℬ𝑟𝑜_ℬ𝑢𝑛𝑛𝑎007