ថ្មីៗនេះ អ្នកគាំទ្រវិស័យ K-Pop ជាច្រើននៅជុំវិញពិភពលោកហាក់មានការរភ្ញាក់ផ្អើលនិងរំជើបរំជួលជាខ្លាំង បន្ទាប់ពីលេចធ្លាយព័ត៌មានថា HyunA និងមិត្តប្រុសខ្លួន Yong Junhyung នឹងចាប់ដៃគ្នាចូលរោងការនៅក្នុងខែតុលាឆាប់ៗខាងមុខនេះ។

បើយោងតាមប្រភព Exclusive ពី YTN បានបែកធ្លាយព័ត៌មានថា តារាចម្រៀងស្រីល្បីឈ្មោះក្នុងវិស័យ K-Pop HyunA និងមិត្តប្រុសខ្លួន Yong Jun-hyung អតីតសមាជិកក្រុម HIGHLIGHT កំពុងត្រៀមខ្លួនសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះហើយ ខណៈទីតាំងនៃពិធីនេះនឹងរៀបចំឡើងក្នុងទីក្រុងសេអ៊ូល ហើយព័ត៌មានលម្អិតនឹងជម្រាបជូននាពេលក្រោយៗទៀត។
យោងតាមប្រភពអ្នកជិតស្និទ្ធនឹងគូស្នេហ៍មួយគូនេះបានបង្ហើបឱ្យដឹងថា «ការសម្រេចចិត្តរៀបអាពាហ៍អាពាហ៍របស់តារាចម្រៀង K-Pop ទាំង២រូបនេះគឺកើតចេញពីចំណងមិត្តភាពដែលបានបង្កើតឡើងជាយូរឆ្នាំមកហើយ។ ពួកគេជាមិត្តនឹងគ្នាយូរមកហើយ ហើយពួកគេយល់ពីសុខទុក្ខគ្នាយ៉ាងច្បាស់ ជាពិសេសគឺជីវិតនៅក្នុងវិស័យសិល្បៈកម្សាន្ត»។
ប្រភពដដែលបានឲ្យដឹងទៀតថា«ពួកគេជឿជាក់លើគ្នានិងយល់ចិត្តគ្នាខ្លាំងណាស់ បន្ទាប់ពីបានក្លាយជាគូស្នេហ៍ ហើយខ្ញុំគិតថា ការដែលពួកគេបានសម្រេចចិត្តរៀបការដោយសារ តែការជឿជាក់លើសេចក្តីស្រឡាញ់ដែលមានឲ្យគ្នាទៅវិញទៅមក»។ 
គួរបញ្ជាក់ដែរថា ដំណឹងនៃការរៀបអាពាហ៍ពិពាហ៍ដ៏ឆាប់បំផុតរបស់ពួកគេបានកើតឡើងប៉ុន្មានខែ បន្ទាប់ពីអ្នកទាំងពីរបានបញ្ជាក់ជាសាធារណៈអំពីទំនាក់ទំនងស្នេហារវាងគ្នា កាលពីខែមករា ឆ្នាំ២០២៤នេះ។ យ៉ាងណាមិញ បន្ទាប់ពីការប្រកាសជាសាធារណៈអំពីទំនាក់ទំនងស្នេហាអ្នកទាំង២កាលពីពេលកន្លងទៅនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសម្តែងនូវការពេញចិត្តនិងអបអរសាទរ ស្របពេលក៏បានទទួលរងនូវមតិវាយប្រហារ រហូត HyunA បានបាត់បង់អ្នកគាំទ្ររាប់ម៉ឺននាក់នៅលើ Instagram ព្រោះតែរឿងរ៉ាវភាពចម្រូងចម្រាសរបស់ Yong Jun-hyung ថា ជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មផ្លូវភេទ កាលពីឆ្នាំ២០១៩ផងដែរ៕










