ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ មានហេតុការណ៍ភ្លើងឆេះនៅផ្លូវយ៉ាវរ៉ាជ ក្នុងទីក្រុងបាងកក ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែងពលរដ្ឋអស់៣០ខ្នង និងទ្រព្យសម្បត្តិអស់ជាច្រើន ហើយភ្លើងបានឆេះរាលដាលដល់សណ្ឋាគារនៅតាមផ្លូវយ៉ាវរ៉ាជ ទៀតផង ។ ហេតុនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នជួយគ្នាគ្រប់គ្រងស្ថានការណ៍បាញ់ទឹកពន្លត់អគ្គិភ័យ និងជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យ ។
.jpg)
ប៉ុន្តែមហាជនហួសចិត្តនឹងនារី TikTok ម្នាក់ ដែលមានអ្នកតាមដាននាង ចំនួន១លាន៤សែននាក់ បានបង្ហោះវីដេអូមួយធ្វើត្រាប់តាមតារាចម្រៀងដ៏ល្បីរបស់ថៃ គឺអ្នកនាង លីសា ដោយនាងបានថតវីដេអូនៅផ្លូវយ៉ាវរ៉ាជ ទីក្រុងបាងកក ហើយពុំចាប់អារម្មណ៍នឹងអាជ្ញាធរកំពុងញាប់ដៃញាប់ជើងជួយគ្នាពន្លត់ភ្លើងឆេះនៅផ្លូវនេះទេ ។ មហាជននិយាយថា វាពុំសមរម្យសោះ អ្នកដទៃកំពុងរងទុក្ខដល់អាយុជីវិត ប៉ុន្តែនាងបែរជាធ្វើបែបនេះ ។
អ្នកប្រើប្រាស់បណ្តាញសង្គម X បានបង្ហាញវីដេអូរបស់នារីប្រើប្រាស់ TikTok រូបនេះ គឺគេឃើញនាងដើរថយក្រោយបណ្តើរ ថតវីដេអូបណ្តើរយ៉ាងរីករាយនៅតាមផ្លូវយ៉ាវរ៉ាជ ដើម្បីធ្វើត្រាប់តាមតារាចម្រៀងថៃឈ្មោះ លីសា ។ ប៉ុន្តែរូបភាពនៅពីក្រោយខ្នងរបស់នាង គឺជាហេតុការណ៍ភ្លើងឆេះនៅតំបន់ត្រកពោ ដែលមានផ្សែងហុយព្រោងព្រាត ហើយមានរថយន្តរបស់អាជ្ញាធរបើកមកជួយពន្លត់ភ្លើងផងដែរ ។ រីឯភ្នាក់ងារពន្លត់ភ្លើងធ្វើការយឺតយ៉ាវ ដោយសារពួកគេត្រូវជិះម៉ូតូគេចពីនាង ។
នៅក្នុងវីដេអូនេះ នាងនិយាយថា ៖ «ថ្ងៃនេះ ខ្ញុំតាំងចិត្តមកថតរូបនៅផ្លូវយ៉ាវរ៉ាជ តែខ្ញុំបានឃើញភ្លើងឆេះនៅផ្លូវនេះល្មម ។ ខ្ញុំសូមសម្តែងការសោកស្តាយជាមួយមនុស្សគ្រប់គ្នាដែលខូចខាតក្នុងហេតុការណ៍នេះផង» ។
ក្រោយពីវីដេអូរបស់នាងត្រូវបានចែកចាយក្នុងបណ្តាញសង្គម ធ្វើឱ្យមហាជនចូលមកបញ្ចេញមតិរិះគន់យ៉ាងច្រើន ក្នុងនោះមតិមួយនិយាយថា ៖ «នៅហ៊ានបង្ហោះវីដេអូក្នុងបណ្តាញសង្គមទៀត ជីវិតញៀននឹងការបង្កើតមាតិកាលើគំនរទុក្ខអ្នកដទៃ» ។ មតិមួយទៀតថា ៖ «តើនាងចង់បានការបញ្ចេញមតិបែបណាពីវីដេអូបែបនេះ? ឬចង់ឱ្យគេនិយាយថា អូ! ភ្លើងឆេះស្អាតខ្លាំងណាស់, សំណាងអាក្រក់ណាស់ ឬនិយាយបែបណាទៅវិញ?» ។
មតិផ្សេងទៀតថា ៖ «អាជ្ញាធរពន្លត់ភ្លើងធ្វើការយឺតយ៉ាវ ដោយសារអ្នកធ្វើមាតិកាឈរទើសផ្លូវ ពុំព្រមទុកផ្លូវឱ្យអាជ្ញាធរ ។ បងប្អូននៅផ្លូវយ៉ាវរ៉ាជ កំពុងតែយំ ហេតុអ្វីនាងថតវីដេអូបែបនេះ?»
មតិមួយទៀតថា ៖ «បើចង់ធ្វើត្រាប់តាមអ្នកនាង លីសា វាពុំខុសទេ តែត្រូវមើលស្ថានការណ៍ផងដែរ ។ តើចិត្តនាងធ្វើមកពីអ្វី ជីវិតនាងញៀននឹងការបង្កើតមាតិកា រហូតដល់ពុំចាប់អារម្មណ៍នឹងជីវិតអ្នកដទៃថា គេកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ ពិតជាគ្មានខួរក្បាលគិតសោះ» ។
ដូចគ្នានេះ មតិមួយទៀតថា ៖ «បើមនុស្សមានខួរក្បាលចេះវិភាគ ឬបែងចែក គេនឹងពុំធ្វើបែបនេះទេ ។ អាជ្ញាធរកំពុងជួយគ្នាពន្លត់អគ្គិភ័យ តែនាងបែរជាថតរូបវិញ ខ្ញុំសូមសរសើរខួរក្បាលអន់របស់នាងផង» ។
ក្រោយពីមហាជនរិះគន់ខ្លាំងៗពេក នារី TikTok ដែលមានអ្នកតាមដានរហូតដល់១លាន៤សែននាក់ ក៏បានលុបវីដេអូរបស់ខ្លួនចេញពីបណ្តាញសង្គមវិញ ប៉ុន្តែមានមនុស្សជាច្រើនបានថត (Save) វីដេអូរបស់នាងទុក ៕










