កាលពីម្សិលមិញ មនុស្សម្នាជាច្រើនផ្អើលភ្លុកទឹកភ្លុកដីទៅមើលល្ខោនបាសាក់វង់ ភី សុគន្ធី ដែលបានបោះទីតាំងសម្តែងនៅក្នុងផ្សារទំនើប Aeon 3 ខណៈក៏ទទួលបាននូវការសរសើរនិងជាទីចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមហាជន ព្រោះថាទិដ្ឋភាពបែបនេះស្ទើរតែមិនធ្លាប់មានពីមុនមកនោះទេ។
កាលពីវេលាម៉ោង ៥:៣០នាទីល្ងាច នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅឯផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអន៣ គឺមានការសម្តែងល្ខោនបាសាក់វង់ ភី សុគន្ធី ដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមមហាជនខ្មែរ ផ្អើលភ្លុកទឹកភ្លុកដីទៅរងចាំមើលការសម្តែងល្ខោន ដែលជាសិល្បៈវប្បធម៌ខ្មែរយើង ពេញមួយផ្សារទំនើបតែម្តង។
ដោយសង្កេតឃើញថា មនុស្សម្នានៅទីនោះ មានទំាងក្មេងចាស់ប្រុសស្រីហាក់ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង បើទោះជាទំនៀមទម្លាប់តាំងពីបុរាណកាលមក រោងល្ខោននានាតែងតែប្រព្រឹត្តិទៅតាមរោងបុណ្យឬក៏វត្តអារាមជាដើម។ ប៉ុន្តែលើកនេះ រៀងប្លែកបន្តិច ព្រោះថារោងល្ខោនត្រូវបានបោះទីតាំងនៅចំកណ្តាលផ្សារទំនើបដ៏ធំមួយតែម្តង ប្រកបដោយផាសុខភាព ម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់រហឹម ស្របពេលដែលការសម្តែងល្ខោនប្រព្រឹត្តិទៅដោយរលូនទៀត វាប្រៀបដូចនឹងចំណីចក្ខុដ៏វិសេសវិសាល។

ដោយសង្កេតឃើញថា មនុស្សម្នាភាគច្រើនក៏បានយកកន្ទេលមកសម្រាប់ក្រាលអង្គុយមើលល្ខោនបានយ៉ាងស្រួលខ្លួន ដែលប្រៀបដូចនឹងពេលដែលពួកគេមើលនៅតាមទីអារាមនានាដែរ។ តាមរយៈរូបភាពទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីទឹកចិត្តស្រលាញ់សិល្បៈល្ខោនខ្មែរដែលនៅតែរក្សាទុកក្នុងដួងចិត្តកូនខ្មែរគ្រប់ៗរូប មិនដែលភ្លេចនិងចងចាំជានិច្ច តាំងពីសម័យបុរាណកាលបន្តរហូតមកដល់សម័យទំនើបនាពេលបច្ចុប្បន្ន។
ជាមួយគ្នានោះ បន្ទាប់ពីរូបភាពទាំងនោះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាតទាំងចំពោះការរៀបចំរបស់ផ្សារទំនើបអ៊ីអន៣ និងវង់ល្ខោនបាសាក់ ដោយមតិមួយបានលើកឡើងថា« Wow មិននឹកស្មានបានឃើញរូបភាពបែបនេះក្នុងពេលបច្ចុប្បន្ន»។ អ្នកខ្លះថា«មើលល្ខោន មានម៉ាស៊ីនត្រជាក់ មិនហត់បក់ដូចមុន that’s amazing»។ អ្នកខ្លះទៀតថា«ខ្ញុំឈរមើលបានមួយភ្លេតដែរ ល្បីដូចគេថាមែន ទាំងតួ ទាំងភ្លេង ទាំងរៀបចំឆាក ល្អម៉ាចប់»។

អ្នកខ្លះថា«ខ្ញុំឃើញចឹងនឹកកាលនៅតូចៗ គេមកលេងល្ខោន ដឹងតែយកកន្ទេលទៅក្រាលចាំមើលហើយ»។ មតិមួយទៀតលើកឡើងថា«គាំទ្រអោយមានការធ្វើបែបនេះអោយច្រើន ទើបហៅថាអភិរក្សពិត»៕











