ប្រទេសជប៉ុន ៖ មនុស្សភាគច្រើនតែងតែគិតថា ផ្កាពណ៌ខ្មៅ នឹងនាំមកនូវហេតុការណ៍អាក្រក់.ៗ ហើយពួកគេបានបដិសេធទទួលយកផ្កានេះ ។ ប៉ុន្តែពលរដ្ឋជប៉ុននាពេលបច្ចុប្បន្ន បែរជាពេញនិយមផ្កាពណ៌ខ្មៅ ជាពិសេស កុលាបខ្មៅ ។
ពលរដ្ឋជប៉ុនយល់ថា ផ្កាពណ៌ខ្មៅ គឺតំណាងឱ្យភាពលេចធ្លោ, ភាពអាថ៌កំបាំង, ភាពស្រស់ឆើតឆាយ, សម្រាប់តុបតែងផ្ទះទាក់ទាញថាមពល និងមានអត្ថន័យប្រកបដោយភាពរ៉ូមេនទិក ហើយការប្រគល់កុលាបខ្មៅឱ្យគ្នាប៉ុន្មានទង គឺមានអត្ថន័យខុសៗគ្នា ។
ពូជផ្កាកុលាបជាច្រើន ដែលចេញផ្កាពណ៌ខ្មៅ មានដូចជា ៖ ពូជ LOUIS XIV, ពូជ BLACK PEARL និងពូជ BLACK BACCARAT ។ ពូជផ្កាកុលាបខ្មៅទាំងនេះបានចេញស្រទាប់ផ្កា ដែលមានសភាពទន់ល្មើយដូចជាសាច់ក្រណាត់ ហើយធ្វើឱ្យមនុស្សជាច្រើនឈ្លក់វង្វេងនឹងវាផងដែរ ។
គេសង្កេតឃើញផ្កាកុលាបខ្មៅភាគច្រើន ត្រូវបានដាំនៅក្នុងផើង ឬក្នុងថូរសម្រាប់តុបតែងលម្អផ្ទះ ខណៈអត្ថន័យរបស់ផ្កាកុលាបខ្មៅ គឺ «អ្នកជារបស់ខ្ញុំ និងសេចក្តីស្រឡាញ់គ្មានថ្ងៃបញ្ចប់» ។
ខាងក្រោមនេះ គឺជាអត្ថន័យរបស់ចំនួនផ្កាកុលាបខ្មៅ ប្រកបដោយភាពរ៉ូមេនទិករបស់ជនជាតិជប៉ុន ៖
កុលាប ១ទង ៖ អ្នកជារបស់ខ្ញុំតែម្នាក់គត់
កុលាប ២ទង ៖ មានតែអ្នក និងខ្ញុំប៉ុណ្ណោះ
កុលាប ៣ទង ៖ ខ្ញុំស្រឡាញ់អ្នក
កុលាប ៥ទង ៖ ការផ្តល់ឱ្យដោយគ្មានសោកស្តាយ
កុលាប ៧ទង ៖ ពួកយើងនឹងជួបតែរឿងរ៉ាវល្អៗ
កុលាប ៨ទង ៖ ប៉ះប៉ូវពេលវេលាដែលបានបាត់បង់ទៅ
កុលាប ៩ទង ៖ រស់នៅជាមួយគ្នាឱ្យបានយូរអង្វែង និងមានស្ថិរភាព
កុលាប ១១ទង ៖ ស្រឡាញ់អ្នកខ្លាំងបំផុត
កុលាប ១២ទង ៖ ខ្ញុំស្រឡាញ់អ្នក អ្នកក៏ស្រឡាញ់ខ្ញុំវិញ យើងស្រឡាញ់គ្នាទៅវិញទៅមក
កុលាប ២៤ទង ៖ ខ្ញុំនឹកដល់អ្នកគ្រប់ពេលវេលាទាំងអស់
កុលាប ៣៣ទង ៖ ស្រឡាញ់គ្នារហូតដល់គ្រប់៣ជាតិ
កុលាប ៥០ទង ៖ សេចក្តីស្នេហាស្ថិតស្ថេរជានិរន្ត
កុលាប ៦៦ទង ៖ សេចក្តីស្នេហារបស់យើងប្រៀបដូចជាខ្សែទឹក ដែលពុំចេះនៅស្ងៀម
កុលាប ១០០ទង ៖ យើងនឹងកាន់ដំបងមាស និងដំបងពេជ្រជាមួយគ្នា
កុលាប ១០១ទង ៖ សេចក្តីស្នេហារបស់យើងស្ថិតនៅយូរអង្វែងជាអមតៈ
កុលាប ១០៨ទង ៖ សេចក្តីស្នេហារបស់ខ្ញុំនឹងគ្មានទីបញ្ចប់
កុលាប ៣៦៥ទង ៖ ខ្ញុំនឹកដល់អ្នកជារៀងរាល់ថ្ងៃ
កុលាប ៩៩៩ទង ៖ ខ្ញុំស្រឡាញ់អ្នករហូតដល់មេឃរលំ ភ្នំរលាយ
កុលាប ១.០០៩ទង ៖ ខ្ញុំស្រឡាញ់នូវអ្វីដែលអ្នកមាន
កុលាប ៩.៩៩៩ទង ៖ ជំនួសឱ្យភាពស្មោះត្រង់អស់ពីចិត្តដែលខ្ញុំមានសម្រាប់អ្នកចាប់ពីពេលនេះ និងតរៀងទៅ
កុលាប ១ម៉ឺនទង ៖ ខ្ញុំស្រឡាញ់អ្នករាប់ម៉ឺនឆ្នាំ ៕










